ប្រទេសវៀតណាម ចុងឆ្នាំ២០១៤ (វគ្គបញ្ចប់)​

ថ្ងៃទី​២ ខែមករា

កាល​ដែលយើង​ស្វះ​ស្វែង​ចង់​មក​វិញ​ឲ្យ​ទាន់ពេលវេលា​ គឺដោយ​សារតែយើង​បានកក់​ដំណើរ​កំសាន្ត​ទៅ​ខេត្ត​ ញិនបិន​ រួចទៅហើយ បើ​យើង​មកមិនទាន់​ធ្វើ​ឲ្យ​ខូច​ការ​។​ ប៉ុន្តែ​ដំណើរ​កំសាន្ត​នោះ​ មាន​ការ​ចេញ​ដំណើរ​រាង​យឺត​បន្តិច​ដោយ​សារ​បញ្ហា​បច្ចេកទេស​របស់ក្រុមហ៊ុន​ ប៉ុន្តែ​អ្នក​នាំភ្ញៀវ​​រួស​រាយ​រាក់ទាក់គ្រាន់បើ។ មុននឹង​ឡើង​ឡាន​យើង​បាន​ញាំ​ហ្វើ​តាមចិញ្ចើម​ថ្នល់ និង​ពង​ទា​កូន ត្រូវហើយ! ពងទា​កូន​ម៉ោង ៧ ព្រឹក!

យើង​ត្រូវ​ជិះ​ប្រហែលជា ២ ឬ ៣ ម៉ោង​ដើម្បី​ទៅ​កាន់ខេត្ត​ញិនបិន។ ទៅដល់​ភ្លាម​កម្មវិធី​ទីមួយ គឺញាំអាហារ​ប៊ូហ្វេ។ បន្ទាប់​មក​ជិះទូក​លេង មើល​ទេសភាព​ល្អាង​ចំនួន​ ៣។ អ្នកចែវទូក​ភាគច្រើន​ជាកសិករ មិនសូវ​មាន​ចំណេះ​ដឹង ហើយ​ចំណាយពេល​ទំនេរ​ពី​ការ​ធ្វើ​ស្រែ​មក​ចែវ​ទូក ពួក​គេ​រំពឹង​ថា​នឹង​បាន​លុយ​ធីប​ខ្លះៗ​ពី​ភ្ញៀវ នេះ​ជា​អ្វី​ដែល​អ្នកនាំ​ភ្ញៀវ​ប្រាប់យើង គាត់និយាយថា​ប្រសិនបើ​យើង​ពេញចិត្ត​នឹង​សេវាកម្ម យើង​អាចឲ្យ​គាត់​ប្រហែលជា ១ ដុល្លារ អីជា​លុយធីប។ មួយទូក​អនុញ្ញាតិ​ឲ្យជិះបាន​តែពីរនាក់ បីនាក់​ទាំងអ្នកចែវ​ ហើយ​យើង​ក៏ត្រូវ​ប្រយ័ត្ន​នឹង​អ្នក​ជិះទូកតាមថត​រូប​យើង ដែលថតរួច​គេ​​នឹងផ្ដិត​ចេញមកហើយ​យក​មកលក់​ឲ្យយើង​វិញ។​

ដំណើរ​ជិះ​ទូក​ចាប់ផ្ដើម ខ្ញុំ​មាន​ការ​ព្រួយបារម្ភ​បន្តិច​ដែរ ព្រោះ​ដូចជាញាក់​ភ្នែក ហើយម្យ៉ាង​ទៀត​មិនចេះ​ហែល​ទឹក ម្យ៉ាង​ទៀត​គ្មានអាវ​សុវត្ថិភាព​ពាក់​ទៀត​ តែ​បង្ខំ​ចិត្តធ្វើ​ធម្មតា និង​ថតរូប​​នេះ នោះ​តាម​​ការគួរ។ ឃើញ​អ្នក​ជិះទូក​កាន់កាម៉េរ៉ា​ពួក​យើង​បែរ​មុខចេញ ឬ​ក៏ពាក់មួក​ដើម្បីបាំងមុខ ដើម្បី​កុំ​ឲ្យ​គេ​ថត​ចំមុខយើង​។ តាមផ្លូវ​ឃើញ​មាន​ភ្នំជាច្រើន ខៀវស្រងាត់ ហើយ​អ្វីដែលអស្ចារ្យ អ្នកចែវទូក​គាត់ប្រើ​ជើង​ជំនួស​ដៃ​វិញ។ ការ​ជិះទូក​មើល​ទេសភាព​ត្រូវ​ឆ្លង​កាត់​ល្អាង​ងងឹតៗ​ចំនួន ៣ បន្ទាប់មក​ អ្នកចែវទូក​ ដែលជា​ស្រ្តីចំណាស់​បាននាំ​យើង​ទៅ​ឈប់​ក្បែរ​ទូក​មួយ​ដើម្បី​ទិញ​ឥវ៉ាន់។ យើង​បាន​ទិញ​ពុទ្រា​ខ្លះសម្រាប់ញាំ តែ​អ្នក​លក់​នោះ​ព្យាយាម​ឲ្យ​យើង​ទិញ​ទឹកក្រូច​មួយកំប៉ុង​ឲ្យ​ទៅ​អ្នកចែវ​ទូក ចាត់ទុក​ជា​ការ​ធីប​ តែ​យើង​មិនព្រម​ព្រោះ​គិតថា​​យើង​នឹង​ឲ្យ​លុយ​ធីប​គាត់​ពេល​ក្រោយ យើង​បារម្ភ​ថា​យើង​នឹង​ត្រូវ​ចាយ​លុយ​ពីរដង​សម្រាប់ធីប​។

យើង​ក៏ជិះទូក​ត្រលប់​មកវិញ ស្រាប់​តែ​យាយ​ចែវ​ទូក​នោះ​ព្យាយាម​លក់​ឥវ៉ាន់​ឲ្យ​យើង​ទៀត ដូចជា​កាបូប​ដៃ ជាដើម យើង​ថា​មិន​ទិញ​ទេ​ យើង​មាន​ហើយ។ គាត់​សួរទិញថ្លៃ​ប៉ុន្មាន ពេល​ប្រាប់​តម្លៃគាត់ថា តម្លៃ​នេះ​គាត់លក់​ឲ្យ​ពីរ តែយើង​នៅ​តែ​មិនព្រម​ទិញ គាត់ចាប់​ផ្ដើម​ខឹង​ហើយ យើង​មានអារម្មណ៍​អញ្ចឹង​ យើង​ក៏លែង​ហ៊ាន​ថតរូប​ លែង​ហ៊ាន​ញាំពុទ្រា លែង​សូវ​ធ្វើ​អ្វីទាំងអស់​។ គាត់​រអ៊ូ​ដាក់គ្នាគាត់ តែយើង​ស្ដាប់​មិន​បាន រចនា ប្រាប់ថា​គាត់​និយាយ​ថា​លក់​ឲ្យ​ពីរមុខ​តែ​ ៥០,០០០ ហើយ នៅ​មិនព្រម​ទៀត​! យើង​កាន់តែ​ភ័យ​ ខ្លាច​ថា​គាត់​នឹង​ធ្វើ​អ្វី​ផ្ដេសផ្ដាស។ ជិះមក​ដល់​វិញយើង​ឲ្យ​លុយ​គាត់​ ១ដុល្លារ តែ​គាត់​មិន​ព្រម​គាត់​ទារ​ដល់​ ៥ ដុល្លារ យើង​ថែម​ឲ្យ​គាត់​កន្លះ​ដុល្លារ​ទៀត គាត់​នៅ​មិន​ព្រម​គាត់​ហក់ចុះ​ពី​លើ​ទូក​​ចេញ​ទៅ​ច្រាំង​បំណង​ចង់​តាមទារ​យើង​ដល់​លើ​ច្រាំង​ថែមទៀត សំណាង​ល្អ​មាន​បុគ្គលិក​អ្នក​មើល​ការ​ខុសត្រូវ​ទូក ចូល​មកទាញ​ដៃ​យើង​ចេញ​ពី​លើ​ទូក ទើប​គាត់​លែង​ហ៊ាន​ទារ ហើយ​យើង​ក៏រត់​ប្រញាប់​ចេញ​ទៅកន្លែង​ផ្សេង។ យើង​បារម្ភ​ពីបង​ដា ថា​អាច​នឹង​ជួប​ហេតុការណ៍​ស្រដៀងគ្នា តែ​ខុស​ស្រលះ​ទូកបង​ដា មិនមាន​រឿង​ដូចពួក​យើង​នោះទេ។​

ប​ន្ទាប់​ពី​ជិះទូក យើង​បានជិះកង់​តាមផ្លូវភូមិ មើលទេសភាព​ជុំវិញភូមិ រួច​ត្រលប់មក​វិញ​បន្តជិះឡាន​ទៅ​កន្លែង​មួយ​ទៀត ដែល​ជា​វិហារ​ ព័ទ្ធ​ទៅ​ដោយភ្នំ យើង​មិនដឹង​ថា​ជាវិហារអ្វី​ទេ ដោយ​សារ​យើង​មិន​បានស្ដាប់​ការ​ពន្យល់​របស់​​អ្នក​នាំ​ភ្ញៀវ​ យើង​រវល់​នឹង​ការ​ថតរូប​។ អ្នកនាំភ្ញៀវ​បង្ខំ​ឲ្យយើង​ឆាប់ត្រលប់​ទៅវិញដោយសារតែ មាន​អ្នក​ត្រូវ​ជិះ​រថភ្លើង​ពេលយប់​ទៅសាប៉ា យើង​ក៏ត្រូវ​បញ្ចប់​ដំណើរ​កំសាន្ត​នោះ ហើយត្រលប់​មក​ហាណូយ​វិញ។

បន្ទាប់ពីមកដល់​ហាណូយ យើង​បានដើរ​លេង​ជុំវិញ​ផ្សារចាស់បន្តិច ញាំនេះ​ញាំនោះ រួច​ក៏ទៅ​សណ្ឋាគារ​ចាស់​​ដែលយើង​ស្នាក់​នៅកាល​ពី​ថ្ងៃដំបូង​វិញ តែ​ចៃដន្យ​គេ​ថា​បន្ទប់​របស់​យើង​មាន​បញ្ហា​ភ្លើង ហើយ​គេ​ដូរ​ឲ្យយើង​ទៅ​សណ្ឋាគារ​មួយទៀត​ដែលស្អាតជាង តែ​បង​ដា គាត់​ថា​ពួក​នឹង​ច្បាស់​ជាភ្លេច​ទុក​បន្ទប់ឲ្យយើង​មិនខាន។ ខ្ជិល​តវ៉ា​ច្រើន​យើង​ក៏ដើរ​ទៅសណ្ឋាគារនោះ រួច​ចេញ​មក​ញាំ​អាហារ​ហ្វាសហ្វូតនៅ​​ KFC ដែលទឹកជ្រលក់​ គ្មាន​រសជាតិ​សោះ ជា​អាហារ​ពេល​ល្ងាចដែល​ញាំ​មិន​ឆ្ងាញ់សោះ​តាំង​ពី​មក​ដល់​​វៀតណាម​មក។​ យើង​រៀប​ចំ​ឥវ៉ាន់ សម្លៀក​បំពាក់ និង​ត្រៀ​មខ្លួន​ជិះយន្តហោះ​ទៅ​សាយហ្គន​វិញ នៅ​ព្រឹកស្អែក។

ថ្ងៃទី​៣ ខែមករា

យើងត្រូវ​ងើប​តាំង​ពីម៉ោង ៤ ភ្លឺ ធ្វើ​ដំណើរ​ប្រហែល​ ១ ម៉ោង ទៅព្រលានយន្តហោះ រួច​ជិះយន្តហោះ​ទៅ​សាយហ្គន ពេល​ទៅ​ដល់​ យើង​ក៏ទៅ​ទិញ​សំបុត្រ​ឡាន ចេញ​ដំណើរ​ត្រលប់​មក​ភ្នំពេញ​​ម៉ោង ១១ ព្រឹក។ មាន​ពេល​បន្តិច​យើង​ក៏ដើរ​ទៅ​សាក​​យៅអួ​កក​របស់​វៀតណាម ចង់ដឹងថា​ស៊ូ​របស់យើង​បាន​អត់ តែប្រាកដ​ថា​រស​ជាតិ​ចាញ់​យើង​ដាច់​តែម្ដង​!

ដល់​ម៉ោង ១១ យើង​ឡើង​ឡានក្រុង និង​ជិះ​ចេញមក​ភ្នំពេញវិញ!

ដំណើរ​កំសាន្ត​លើក​នេះ​សប្បាយ បាន​ទៅ​ច្រើន​កន្លែង បាន​ញាំ​ម្ហូប​ប្លែកៗ និង​មានរឿងរ៉ាវ​អស់សំណើច និង​គួរឲ្យរន្ធត់​ផងដែរ​! អរគុណ​មិត្ត​រួមដំណើរ​ទាំងពីរ សង្ឃឹមថាយើង​នឹង​អាច​រួម​ដំណើរ​ជាមួយ​គ្នាពេល​លើក​ក្រោយៗ​ទៀត។

ប្រទេសវៀតណាម ចុងឆ្នាំ២០១៤ (វគ្គទីបី)​

ថ្ងៃទី​៣១ ខែធ្នូ​

ម៉ោង ៥ ព្រឹក យើង​មក​ដល់​ ខេត្ត​ឡៅ​កាយ ហើយ​នឹង​មាន​គេ​មក​ទទួល​យើង​ពីស្ថានីយ​រថភ្លើង​ ហើយជិះ​ឡើង​ទៅ​លើ​តំបន់​សាប៉ា​ដែលជាតំបន់​ភ្នំ​។ ផ្លូវ​ឡើង​ទៅ​សាប៉ា​ ក្រវេចក្រវៀន ​ជាងផ្លូវ​ភ្នំគូលេន​ទៅ​ទៀត​ ហើយ​ត្រូវ​ចំណាយ​ពេល​ដល់​ទៅ​មួយម៉ោង​ទើប​ដល់​។ មកដល់​សាប៉ា ម្នាក់ៗ​នាំគ្នា​លាន់​មាត់​នឹង​ទេសភាព​ដែលបាន​ឃើញ ដំបូង​ខ្ញុំស្មានថា​យើង​មកតំបន់​ដែលមិន​ទាន់​អភិវឌ្ឍន៍ មាន​ផ្ទះ​ធ្វើ​ពីស្លឹក​របស់ប្រជាពលរដ្ឋ​នៅសាប៉ា អីជា​ដើម តែពេល​មកដល់ យើងត្រូវ​ស្រឡាំង​កាំង ព្រោះ​ទេសភាព​ដូចជា​នៅ​បរទេស​ដូច្នោះ​ដែរ មាន​អាគារ​ធ្វើ​ពីថ្ម​ជា​ច្រើន។ មាន​បឹង​ដ៏ធំ​មួយ នៅ​ម្ខាង​ទៀត​នៃ​បឹង​គឺជាភ្នំ ដែល​មានអាគារ​តូចធំ​ ចម្រុះ​ពណ៌​សាងសង់​នៅ​ប្រប​ជើង​ភ្នំ​នោះ។ ពេល​មក​ដល់​ភ្លាម​ គេនាំយើង​ទៅ​សណ្ឋាគារ​ដែល​យើង​មិនអាច​ចូល​គេង​បាន​ទេ ព្រោះថា​ម៉ោង​ចូលគឺម៉ោង ២ រសៀល។ ទៅ​ដល់សាប៉ា អាកាសធាតុត្រជាក់ខ្លាំងណាស់ ហើយ​យើង​ក៏ត្រូវ​បង្ខំ​ចិត្ត​មិន​ងូតទឹក គ្រាន់តែ​ដូរ​ខោអាវ​រួច​ធ្វើ​ដំណើរ​បន្ត​ទៀត។ យើង​បាន​កក់​ធួរ​ដើរ​លើ​ផ្លូវ​ភ្នំ ដែល​នឹង​មាន​អ្នក​នាំភ្ញៀវ​ម្នាក់​ នាំ​យើង​ដើរ​មើល​​ភូមិ​ជនជាតិដើម​ភាគតិច និង​មើល​ការ​រស់​នៅ​របស់​ពួកគេ។ អ្នក​នាំ​យើង​ដើរ គឺជា​ជនជាតិ​ដើម​ភាគតិច​តែម្ដង គាត់​មាន​ឈ្មោះ​ថា​ស៊ូ ប៉ុន្តែ​ភាសាអង់គ្លេស​របស់​គាត់ ខ្ញុំសូមចាញ់តែម្ដង។ គាត់​អនុញ្ញាត​ឲ្យយើង​​ផ្លាស់សម្លៀកបំពាក់ រួច​នាំ​យើង​ទៅ​ទទួល​ទាន​អាហារ​ពេលព្រឹក ហើយ​ក្រោយ​មក​ក៏ចាប់​ផ្ដើម​ធ្វើ​ដំណើរ​។​

ដំបូង​ៗ យើង​ដើរលើ​ផ្លូវ​រាប ហើយ​ក៏ឃើញ​មាន​ជនជាតិដើម​ភាគតិចពីរបីនាក់ទៀត​ដើរ​តាម​យើង។ ខ្ញុំលួច​គិត​បារម្ភ​ពី​កាបូបខាងក្រោយ ខ្លាច​ពួកគាត់​ចង់លួច​ ឬបន្លំ​អ្វី។ តែការពិត​ទៅ បានពួកគាត់​នឹងហើយ​ដែល​ជួយ​ទប់​ពួកយើងពេលដើរ​លើភ្នំ ព្រោះកន្លែងខ្លះ​រអិល និង​កន្លែង​ខ្លះ​ចោតជាខ្លាំង​។ ពួក​យើង​នាំគ្នា​ឆ្ងល់ថា​ពួកគាត់​ជួយ​យើង​ធ្វើអ្វី ធ្វើ​ឲ្យ​យើង​សម្រេចគ្នាថា​ចាំឲ្យលុយធីប​ពួកគាត់ខ្លះ។ ការ​ដើរ​នេះពិតជាអស្ចារ្យ​ហើយ ទាំង​ទេសភាព​តាមផ្លូវ​ អាកាសធាតុ​ដ៏ត្រជាក់ និង​ភាព​ឈឺចុកចាប់របស់​ជើង​ទាំង​ពីរ​ ពេលខ្លះ​ស្ទើតែ​ដើរ​មិន​រួច តែ​ស៊ូ ក៏​យល់ចិត្ត​ព្រោះ​​ឲ្យ​យើង​ឈប់​តាមផ្លូវ​ តាមចិត្ត ដោយ​មិនបង្ខំ តែ​ទោះបីជា​បែប​នេះ​ក៏​ដោយ ក៏មិនអាច​បង្អាក់សកម្ម​ភាព​ថតរូប​របស់​យើង​នោះ​ដែរ។ ការ​ដែល​ឈប់​ភាគច្រើន​គឺឈប់​ថតរូប​នោះហើយ។ សំណាង​ដែរ ដែល​ពេល​ត្រលប់​មក​វិញ យើង​មិនចាំបាច់​ត្រូវដើរ​នោះទេ មាន​ឡាន​ចាំ​ដឹកយើង​មក​វិញ។ អរគុណព្រះជាម្ចាស់!

ដើរ​ឡើង​ភ្នំ ចុះភ្នំ​ ដើរ​លើផ្លូវរាប ដើ​រ​លើ​ផ្លូវ​រអិល ដើរ​លើ​ផ្លូវ​ស្រួល ដើរ​លើ​ផ្លូវ​ពិបាក ដើរ​លើ​ផ្លូវ​ស៊ីម៉ង់ ទីបំផុត​យើង​ក៏​មក​ដល់​ភូមិ​របស់​ស៊ូ ដែល​ជាកន្លែង​ឈប់សម្រាកអាហារ​ថ្ងៃត្រង់។ អូ! សូម​ប្រាប់​បន្តិច​ថា​ស៊ូ​មាន​អាយុ ២៦ ឆ្នាំ និង​កូន​ពីរនាក់​រួច​ទៅ​ហើយ។ ជនជាតិ​ពួក​គាត់​រៀប​ការ​នៅ​ក្មេងៗណាស់ ហើយ​យើង​ក៏ឃើញ​មាន​អ្នកខ្លះ​ស្ពាយ​កូន​ដើរ​តាម​ផ្លូវ​ដែល​យើង​ដើរ​នោះដែរ គេ​ដើរ​ទៅលក់​ឥវ៉ាន់នៅក្នុង​ក្រុង​ និង​ដើរ​ត្រលប់​មក​ភូមិ​វិញ។​ ពេល​មក​ដល់​ទីនេះ អ្នកដែលដើរ​តាមពួកយើង និង​ជួយកាន់ដៃ​ពួកយើង ក៏លា​​ពួកយើង​ព្រោះ​គេ​មក​ដល់​ភូមិ​រួច​ហើយ យើង​នាំ​គ្នា​ហុច​លុយ​ធីប តែពួកគាត់ទទូច​សុំលក់​ឥវ៉ាន់ឲ្យយើង​ជំនួ​សវិញ យើង​ក៏នាំគ្នា​ជួយ​ទិញ​គាត់​ម្នាក់​មួយ។ គ្នា​គាត់​មាន ៣ នាក់ ជួយកាន់ដៃ​យើង​ម្នាក់មួយ ដូច្នេះយើង​ក៏ទិញឥវ៉ាន់ពីអ្នក​ដែលជួយកាន់ដៃ​យើង​នោះ​។​

ពេលញាំបាយរួច យើង​ក៏ត្រូវ​ដើរ​មួយសន្ទុះទៀត​ដើម្បី​ឆ្លង​ទៅ​កន្លែង​ដែល​ឡានចាំ។ ពេល​នោះ​ស៊ូ បង្ហាញ​ពី​ផ្ទះ​អ្នក​ភូមិ​ទូទៅ ដែល​មាន​ឧបករណ៍ត្បាញ​ម្នាក់​មួយ​នៅ​តាម​ផ្ទះ។ ស៊ូ និយាយថា​​កំណាត់​ទាំង​នេះ គឺបាន​មក​ពី​ដើម​ហេម (Hem) ដែលគេ​ដាំ​លើ​ភ្នំ និង​មាន​រដូវ​ដាំដុះ​ផ្សេងៗ​ពីដំណាំស្រូវ។ គេ​ច្រៀក​ដើម​ហេម​រួច​យក​មក​ចងភ្ជាប់​គ្នា​ជា​សរសៃ​វែង​ រួច​ហើយ​ទើប​យក​មក​ត្បាញចេញ​ជាកំណាត់ គាត់ក៏​បង្ហាញ​ពីការ​ជ្រលក់​ថ្នាំខ្មៅ ការ​ធ្វើ​ឲ្យកំណាត់រលោង និង​ការធ្វើ​ឲ្យ​កំណាត់​មាន​ក្បាច់រចនា​នោះដែរ ស្ដាយណាស់ដែល​មិនបាន​ថតរូប​យក​មក​ តែ​បើ​ចង់​ដឹង​ទៅលេង​សាប៉ា​ម្ដង​ទៅ។ យើង​ដើរ​មកដល់​កន្លែង​ឡាន​ហើយ​ អស់​កម្លាំងសឹង​នឹង​ស្លាប់​ សំណាង​ហើយ​ដែល​មាន​ឡាន​ជិះ​ទៅវិញ កុំអី​នោះ។​

ពេល​មក​ដល់សណ្ឋាគារ យើង​ក៏​នាំគ្នា​ចូល​ទៅបន្ទប់​ ហើយ​បន្ទប់​នោះទៀត​សោត​ត្រជាក់​ដូច​ការ​ដែល​យើង​នៅក្រៅ​ដែរ។ គ្រាន់តែ​ខ្ញុំច្រលំ​ដាក់ជើង​ទទេ​លើ​អិដ្ឋ​ការ៉ូ ខ្ញុំស្រែក​លាន់ពេញ​បន្ទប់​ ហើយ​ការងូតទឹក​ក៏​យើង​ត្រូវ​ពាក់​ស្បែកជើង​ដែរ។ សំណាង​អាក្រក់​បន្ទប់​គ្មានអ៊ីនធឺណិត​ទៀត​ហើយ បើ​ចង់​លេង​ត្រូវ​ទៅលេង​នៅឡប់ប៊ី ឬ​​​ភោជនីយដ្ឋាន​របស់​សណ្ឋាគារ។ យើង​នាំ​គ្នា​ចេញទៅ​លេង អ៊ីនធឺណិត​ មួយសន្ទុះ ត្រលប់​មក​វិញ​ ងូតទឹក រួច ក៏នាំគ្នាដើរ​ទៅរក​កន្លែង​ម៉ាស្សាបាតជើង ព្រោះថា​ឈឺចុកចាប់​លើ​ជើង​ទាំងពីរ។ បន្ទាប់ពីម៉ាស្សា យើ​ងដើរ​ទៅ​រក​កន្លែង​ញាំអីពេលល្ងាច ហើយក៏ទៅ​ញាំស៊ុប និង​សាច់អាំងចង្កាក់ ដែល​រសជាតិ​គឺល្អម្យ៉ាងដែរ ខុសតែ​សាច់​ស៊ុប​ព្រោះ​យើង​មិន​ដែល​ញាំស៊ុប​សាច់​មាន់​នោះទេ ពេលហៅ​រួច​ ក្រលេក​ឃើញ​តុផ្សេង​ឃើញ​មាន​សាច់គោ ពេល​ចង់​ដូរ​ក៏ហួសពេល​ទៅហើយ ក៏ទ្រាំ​ញាំបន្ត​ទាល់តែ​អស់។ ថ្ងៃនោះគឺជា​ថ្ងៃ​ចុងឆ្នាំ យើង​គិតថា​នឹង​រក​​ភោជនីយដ្ឋាន​មួយ​សម្រាប់​រាប់​ថយក្រោយឆ្លង​ឆ្នាំ​ក្នុងថ្ងៃ​នេះ ឆ្នាំមុន​នៅ​ឡាវ​ពួកយើង​បាន​ឆ្លង​ឆ្នាំ​នៅ​មុខ​ភ្នក់​ភ្លើង​មានតន្រ្តី​កំដរ និង​មាន​ពួកបរទេស​មួយក្រុមផឹកស្រា​ ឡូឡា​ នៅ​មាត់​ស្ទឹង តែនៅសាប៉ា ដូច​ជា​មិន​មាន​ការរៀបចំកន្លែង​អ្វី​សម្រាប់​ឆ្លង​ឆ្នាំ​នោះទេ។ ពេល​ប្រទះ​ឃើញ​ភោជនីយដ្ឋាន​បារំាង​មួយនោះហើយ គិតថា​តោះ​ទៅគេងយក​កម្លាំងសិន ព្រោះដើរ​ហត់​ណាស់​ទៅហើយ ចាំ​ពេល​ម៉ោង ១០ ឬ​ ១១ ចាំ​ត្រលប់មក​រាប់ថយក្រោយ​វិញ ប្រាកដ​ថា​​ខ្ញុំ​ភ្ញាក់​ម្ដង​ទៀតគឺម៉ោង ១២ កន្លះ​ ទៅហើយ ហើយ​ក៏មិន​មានកម្លាំង​នឹង​ក្រោក​ទៅ​ណាដែរ ក៏គេង​បន្ត​រហូត​ដល់​ម៉ោង​ ៧ ព្រឹក​នៅថ្ងៃបន្ទាប់។ ពួក​យើង​បាន​ឆ្លង​ឆ្នាំ​នៅ​ក្នុង​ក្ដីសុបិន ហាហាហា​ ជារឿង​មួយដែល​យើង​អាចអួត​គេ​បាន​ដែរ​តើ

ថ្ងៃទី​១ ខែមករា

ព្រឹក​ថ្ងៃទី១ ខែមករា ឆ្នាំ២០១៥ គឺជាព្រឹក​ថ្ងៃទីមួយនៃឆ្នាំ (និយាយធ្វើ​អី​នឹង?) ពួក​យើង​ងើប​ឡើង​ ក៏នាំ​គ្នា​និយាយ​រឿង​កាល​ពីយប់​ថា​ហេតុអ្វី​បានជា​មិនព្រម​ដាស់​គ្នា​អញ្ចឹង ហើយ​សរុប​ចុង​ក្រោយ​គឺ​ថា ដោយ​សារ​តែ​ការ​ហត់​នឿយ និង​ភាពត្រជាក់​ទើប​ធ្វើ​ឲ្យយើង​សម្រេច​ចិត្ត​មិន​ចេញ​ទៅ​ក្រៅ​នា​យប់​នោះ​។

ខ្ញុំដូចជា​ចាំ​ថា ក្រៅ​ពីខ្ញុំហើយ ពីរនាក់ទៀត​ គាត់​មិនបាន​ងូតទឹក​នោះទេ ព្រោះ​វា​ត្រជាក់ពេក។ យើង​ចុះ​ទៅ​ញាំ​អាហារពេល​ព្រឹក​រួច​ ក៏​ទៅ​លើក​ឥវ៉ាន់ចុះ​មក​ក្រោម​ ដើម្បី​ចាកចេញ​ពីសណ្ឋាគារ​ព្រោះ​យើង​ត្រូវ​តែ​ចាកចេញ​មុន​ម៉ោង ១២ ហើយ​ដោយ​សារ​តែ​ថ្ងៃនោះ យើង​ក៏មានកម្មវិធី​ដើរតាម​ផ្លូវ​ភ្នំ​ដែរ ទើបយើង​ចេញ​មុន​ឲ្យ​ហើយ។

ស៊ូ​មក​ដល់​ ក្រោយ​មក​បន្តិច រួច​ក៏នាំ​យើង​ដើរ​​បន្ត​ទៅទៀត ការ​ដើរ​លើកនេះ គឺត្រូវ​ដើរ​ទៅ​តែ​ភូមិ​ពីរ​នោះទេ កាលពីថ្ងៃ​ម្សិលនោះ គឺត្រូវ​ដើរ​កាត់ភូមិ​ចំនួន​បី។ ទេសភាព​តាមដង​ផ្លូវ​នៅ​តែ​ធ្វើ​ឲ្យយើង​ចាប់អារម្មណ៍ និង​ទាញ​ទូរសព្ទ​ដៃ​ និងកាម៉េរ៉ា​យក​មក​ថត​ដដែល​​ ព្រោះ​ផ្លូវកាច់​ឆ្វេង​ កាច់ស្ដាំ អម​ជាមួយ​នឹង​វាលស្រែ​លើ​ភ្នំ​ដែល​​កាត់​ជា​ថ្នាក់ៗ នៅ​តែស្រស់ស្អាត ទោះ​បីជា​ទេសភាពថ្ងៃ​នេះប្រហាក់ប្រហែល​នឹង​ទេស​ភាព​កាលពីម្សិលមិញ​ក៏ដោយ​ចុះ។​

តែថ្ងៃនេះ យើង​ដើរ​កាត់ភូមិ​មួយ​ចុះ​ជម្រាល​ភ្នំ នៅ​តាមផ្លូវ​គេ​រៀប​ចំជា​ជណ្ដើរ​ងាយស្រួលដើរ មនុស្ស​ម្នា​លក់​ឥវ៉ាន់​តាម​ដង​ផ្លូវ។ អ្វីដែលគួរឲ្យចាប់​អារម្មណ៍​អ្នក​លក់ខ្លះ​ចេះ​ភាសា​ថៃ​តិចតួច ដោយសារតែ​មាន​ជនជាតិថៃ​មក​លេង​នៅ​តំបន់​នេះ​ជា​ច្រើន​នាក់ ទៅ​ណា​ក៏​ឮ​តែ​ជន​ជាតិថៃ​ដែរ។ ដើរ​បានបន្តិច​ក៏ឃើញមាន​ការ​រៀប​អាពាហ៍​ពិពាហ៍ យើង​ព្យាយាម​ចូល​ទៅ​មើល​ដែរ​ តែ​មិនបានសម្រេច​ដោយ​សារ​តែ​មនុស្ស​ម្នា​ច្រើនពេក។ ដើរ​បន្ត​មក​ទៀត​ក៏ឃើញ​ទឹកជ្រោះ​ដ៏ស្រស់ស្អាត នៅ​កន្លែង​នោះមាន​លក់​សាច់​អាំងច្រើនប្រភេទ​ មានទាំង​ដំឡូង​អាំង​ ពោត​អាំង​ទៀត ដោយ​សារតែអាកាសធាតុត្រជាក់​អាហារអាំង​មាន​ប្រជាប្រិយ​ភាព (គិត​តែខ្លួនឯង​ទេ)។ នៅ​ក្បែរ​ជ្រោះ​ម្ខាង​នោះ មាន​កន្លែង​សម្ដែង​របាំ​ជនជាតិ​​ ដោយ​អាច​ឲ្យ​ភ្ញៀវ​ទេសចរណ៍​ចូល​មើល​ដោយ​ឥត​គិត​ប្រាក់ ភ្ញៀវ​ខ្លះ​អាច​ស្លៀក​សម្លៀក​បំពាក់​របស់​ជនជាតិ រួច​ថតរូប​លេង​ក៏បានដែរ។

យើង​សម្រាក​ញាំអាហារ​សម្រន់​បន្តិច​ក៏ត្រូវ​ដើរបន្ត​ទៀត យើង​ចំណាយ​ពេលប្រហែលជា​ជិត​មួយ​ម៉ោង​ទៀត​ដើម្បី​ដើរ​ទៅខាង​មុខ ទៅ​កាន់​កន្លែង​ដែល​មាន​ម៉ូតូឌុប​ចាំ​ដឹក​អ្នក​ដែល​មិនអាច​ដើរ​ត្រលប់​ទៅ​វិញ​បាន​ដោយ​ថ្មើរ​ជើង ​ច្បាស់​ហើយ​ថា​ពួក​យើង​នៅក្នុង​ក្រុម​ដែល​មិនអាច​ដើរ​ត្រលប់​ទៅវិញ​បាន​​ ឈឺជើង​ពីម្សិល​មិន​បាត់ មក​ដល់​ថ្ងៃនេះ​ត្រូវ​ឈឺជើង​បន្ថែម​ទៀត ប៉ុន្តែ​ទេសភាព​នៅតាម​ផ្លូវ​ គឺពិតជាស័ក្តិសម​នឹង​ការឈឺជើង​នេះ​ណាស់។

ពេលជិះម៉ូតូមកវិញ យើង​ចូល​កក់សក់​បន្តិច​ អូ សូមប្រាប់ថា​ស៊ូ មានសក់វែង​អ​ន្លាយ ស្រឡូន​គួរឲ្យស្រលាញ់។ គេ​កក់​សក់​ដោយប្រើ​ទឹកក្ដៅ​អ៊ុនៗ​ ស្រួល​ខ្លួន​​ តែអ្នកកក់​នោះ​មិនសូវ​ជាជំនាញ​ដូចជា​ម៉ូយកក់សក់របស់​ខ្ញុំនោះទេ ហើយម្យ៉ាង​ទៀត​ ខ្ញុំ​ថា​ការ​កក់សក់​នេះ​ថ្លៃណាស់ អស់ប្រហែល​​ ៧ ដុល្លារ​គ្រាន់តែ​កក់សក់ ព្រះ! បន្ទាប់​ពី​កក់សក់​គឺជា​ការ​បែកគ្នា ស៊ូ បានលា​ពួក​យើង​ត្រលប់ទៅវិញ ហើយខ្ញុំក៏បាន​ឱប​អរគុណស៊ូ ដែល​ធ្វើ​ជា​អ្នកនាំ​ផ្លូវ​ដ៏​ល្អ​សម្រាប់រយៈពេល ១ ថ្ងៃ​កន្លះ​កន្លង​មក។

ក្រោយមក​ពួក​យើងសម្រេចចិត្ត​ប្ដូរ​រស​ជាតិអាហារពីអាហារ​ក្នុងស្រុក ទៅជា​អាហារ​បរទេស​វិញ​ ដោយ​កុម្ម៉ង់​ភីស្សា និង​ស្ប៉ាហ្គេទី​មក​ញាំ​វិញ ហើយ​រសជាតិអាច​ប្រើការ​បាន។ អង្គុយ​បាន​បន្តិច​ក៏ឃើញ​ភ្ញៀវ​ជនជាតិ​ថៃ​​មក​ទៀត​ហើយ គឺថា​ឃើញគ្រប់​កន្លែង​តែ​ម្ដង។ ដោយ​សារ​យើង​នឹងជិះរថភ្លើង​ពេលយប់​ត្រលប់​ទៅ​ហាណូយ​វិញ ដែល​រថភ្លើង​នោះ​នឹងត្រូវ​ចេញ​នៅម៉ោង ១៩.៣៥ នាទី ទើប​ពួក​យើងគិតថា​​​​ ចាំ​ប្រហែលជាម៉ោង ១៦.៣០ នាទី ចាំ​ជិះ​ឡាន​ចុះ​ទៅវិញ។ ដោយ​សារតែ​មិនទាន់ដល់​ម៉ោង យើងសម្លាប់ពេលវេលា​ដោយ​អង្គុយ​ញាំ​នំខេក និង​លេង​ទូរសព្ទ អង្គុយ​ជាង​កន្លះ​ម៉ោង ចម្រៀង​កូរ៉េ​មួយបទ​បានចាក់សារ​ចុះ​សារ​ឡើង​ ដដែល​ រហូត​​ពួក​យើង​ស្ទើ​តែ​អាច​ច្រៀង​តាម​បាន។ អង្គុយ​បានមួយសន្ទុះ​ទៀត​ប្រហែ​ល​ម៉ោង ១៥​​.៣០ នាទី ឬ ម៉ោង ១៦.០០ នាទី ពួកយើង​ទៅអង្គុយ​ចាំ​នៅសណ្ឋាគារ​វិញ​ ចាំ​ឡាន​មក​យក។

លើក​នេះ​យើង​ជិះឡាន​ធំ ប្រហែលជា ២៥ កៅអី កាល​មក​យើង​ជិះឡាន Fortuner ៥ កៅអី។ យើង​មិនបាន​ដាក់​វ៉ាលីស​ខាងក្រោម​ឡាន​នោះទេ ដោយសារ​តែ​​តៃ​កុង​ឡាន​រវល់ដើ​រ​ប្រមូល​ភ្ញៀវ ដែល​នេះ​ជាការ​សំណាង​មួយ​របស់​យើងដែរ។ យើងជិះបាន​ប្រហែលជា កន្លះ​ម៉ោង​ចេញពី​តំបន់សាប៉ា យើង​ក៏​ឃើញ​មាន​ឡាន​ឈប់​មួយ​ជួរ​ខាង​មុខ ហើយ​យើង​ក៏ត្រូវ​បានប៉ូលីស​ហៅ​ឲ្យ​អែប​ផ្លូវ​ដែរ មិនអាច​ទៅ​មុខ​បាន។ យើង​ស្មានតែ​ចំណាយពេល​តិច​តួច​ ស្រាប់​តែកន្លះ​ម៉ោង​ផុត​ទៅ យើង​ចាប់​ផ្ដើម​បារម្ភ ព្រោះ​ថា​យើងសឹង​តែមិន​បំលាស់​ទីពីកន្លែង​ដែល​យើង​នៅ​។ ក្នុង​ឡាន​មួយ​ក្រុមគ្រួសារ​ថៃ​មួយ​ក្រុម មាន​ភ្ញៀវ​បរទេសអឺរ៉ុប​ស្រីប្រុស​ពីរនាក់ មាន​ដូចជាជនជាតិ​ជប៉ុន ឬ​កូរ៉េពីរនាក់ និង​មាន​ជន​ជាតិវៀតណាម​ ៣ នាក់ ដែល​ឡើង​មក​តាមផ្លូវ មិន​មែនជា​ភ្ញៀវ​របស់​ក្រុមហ៊ុន​នោះទេ។

ពួក​យើង​មាន​ការ​បារម្ភ យើង​តេ​ទាក់ទង​អ្នកធ្វើ​ការ​ជាមួយប​ងដា ដែលជាជនជាតិ​វៀតណាមឲ្យ​​មើល​ថា​តើ​យើង​អាច​​ដូរ​រថភ្លើង​ទៅ​​ពេល​យប់​បន្តិច​បាន​ទេ តែ​ខាងនោះ​គេ​ប្រាប់ថា​មិន​អីទេ។ រចនា ជា​អ្នកដុកដាន់បង​ដា​ជាងគេ ហើយបងដា​ ក៏ព្យាយាម​ប្រាប់​ថា​ខាង​ណុះ​គេ​ក៏ព្យាយាម​ហើយដែរ តែ​វាមិនមាន អញ្ចឹង​មានតែ​ចាំឲ្យ​ចរាចរណ៍​​ដើរ​ទៅ​តាមសម្រួល​ ប៉ុន្តែ​ឡាន​មិន​ទៅ​មុខ​សោះ ម៉ោង​ ១៨.៣០ អី​ទើប​យើងអាច​ធ្វើ​ដំណើរ​សន្សឹមៗ​ចេញពី​កន្លែង​ដើម​បាន។ ដោយ​សារ​ការ​ជជែក​គ្នា​មាន​សភាព​តានតឹង​បន្តិច ធ្វើ​ឲ្យ​យើង​ម្នាក់​ៗ​នៅស្ងៀម​ លែង​ហ៊ាន​និយាយ​ព្រោះ​អាច​នឹង​ទៅជា​ឈ្លោះ​គ្នា​បាន ខ្ញុំ​ដែល​មិនមាត់​អីសោះ ប៉ុន្តែ​ដក​ដង្ហើម​ធំ​ជា​ច្រើន​លើក​ច្រើនសារ។ ឡាន​បើក​បរ​បាន​បន្តិច​ឈប់ទៀត បើក​បាន​បន្តិច​ឈប់​ទៀត​ ព្រោះ​ឡាន​មាន​រាប់​រយ​ទាំង​ទៅទាំង​មក ផ្លូវ​លើ​ភ្នំ​នោះ​​ គឺអាច​ត្រឹម​ឡាន​ពីរ​ចៀស​គ្នា​បាន តែ​ដោយ​សារ​មាន​គ្រោះ​ថ្នាក់ចរាចរណ៍​ឡាន​ដឹក​ឥវ៉ាន់​កង់​ដប់ ក្រឡាប់​ដួល​កណ្ដាល​ផ្លូវ​ទើប​ធ្វើ​ឲ្យ​ចរាចរណ៍​ទៅ​មក​បាន​មួយ​ចំហៀងៗតែប៉ុណ្ណោះ​។ ខ្ញុំតឹង​ចិត្ត​ខ្លាំង​ណាស់ តែ​ត្រៀម​ចិត្ត​ជា​ស្រេច​ថា​​ច្បាស់​ជាមិនទាន់​រថភ្លើង​នោះទេ​ ព្រោះ​ម៉ោង​ ១៩.០០ ទៅហើយ ឡាន​នៅប្រហែលជា ២០ គីឡូ​ ទៀត​ពី​ខេត្ត​ឡៅកាយ នៅ​ជិះ​ទៅ​ស្ថានីយ​រថភ្លើង​ទៀតនោះ? ខ្ញុំ​មើល​ម៉ោង​បណ្ដើរ​ ធៀប​នឹង​បង្គោល​ចង្អុល​គីឡូ​បណ្ដើរ​ ក្នុងចិត្តភាវនា​ថា​សូម​ឲ្យ​រថភ្លើង​ពន្យារ​ពេលចេញ​ដំណើរ សូម​ឲ្យ​ម៉ោង​ឈប់ដើរ​ ប៉ុន្តែ​វាគ្មានប្រយោជន៍​ទេ។ ម៉ោង ១៩​.២៨ នាទី ឡាន​ទើប​ចុះមក​ពី​លើភ្នំ ហើយចាំជនជាតិវៀតណាម ៣ នាក់​នោះទេ? ពួក​គេ​និយាយ​ជា​ភាសា​វៀតណាមជាមួយ​តៃកុងឡាន​ ដែល​យើង​កាត់​យល់​ថា​ពួកគេ​សុំចុះ​តាមផ្លូវ ពួក​យើង​ចង់ឆ្កួត​ស្លាប់។ ចៃដន្យ​ឡាន​បើ​ក​មក​ដល់ស្ដុបភ្លើង​ក្រហម ហើយបីនាក់​នោះក៏រត់​ចុះទៅ​តែម្ដង ដោយ​មិន​ខាត​ពេល​របស់​យើង។ ចំណែក​ រចនា ​គិតថា​ប្រហែល​មក​មិនទាន់​រថភ្លើង​ដូចគ្នា​តែ​គាត់ត្រៀម​យក​វិក័យ​ប័ត្រ​​ដែល​ទុក​ដូរ​​​សំបុត្រ​រថភ្លើង​នោះ ចេញ​មក​ដាក់​ហោប៉ៅ​អាវរងារ​រួច​ទៅហើយ។

ម៉ោង ១៩.៣១ នាទី​ ហើយ ឡានចត​ប៉ាប់ ពួក​យើង​ ឃើញ​មនុស្ស​ម្នា​រត់ព្រូ រចនា ស្រែក​ថា​បង​រត់ ខ្ញុំ​ក៏ស្រវ៉ា​កាបូប​ខ្លួនឯងមួយ កាបូប​បង​ដា​ពីររត់​តម្រង់​ទៅ​​រថភ្លើង​ដែល​មានចម្ងាយប្រហែល…. (មិនដឹង​ទេ ១០០ ម៉ែត្រ ឬ ២០០ ម៉ែត្រ សូម​ទោស​មិន​សូវ​ជា​ចេះ​ប៉ាន់​ចម្ងាយប៉ុន្មានទេ) គ្រាន់តែ​ដឹង​ថា​ រចនា រត់​ទៅ​មុន​ហើយ រចនា​ ស្រែក​ប្រាប់ថា បង​រ៉ាមណា វ៉ាលីស​បង​ឯង? ខ្ញុំ​ងាកក្រោយស្រែក​បន្ត បង​ដា កុំភ្លេច​ វ៉ាលីស​ ខ្ញុំ ពួក​យើង​ស្រែក​ដោយ​មិន​ខ្វល់​ពី​នរណា​ទាំង​អស់ មិន​មើល​ថា​តើ​អ្នក​ដទៃគេ​ធ្វើ​បែបណា មិន​ដឹង​ថា​តៃកុន​ឡាន មានសកម្មភាព​បែប​ណា​ទៀត អ្វី​ដែលសំខាន់​គឺរត់​ទៅ​តម្រង់​រថភ្លើង​ដែល​រៀប​នឹង​ចេញ​ទៅ​នោះ!

ជា​វិនាទី​ដ៏​រន្ធត់ តែយើង​គ្មានពេល​គិត​ច្រើន រចនា ធ្លាប់​រអ៊ូ​ថា​ឈឺឆ្អឹងខ្នង​ពេល​នៅ​លើ​ឡាន ធ្លាប់​ចង់​ចូល​បន្ទប់​ទឹក​ខ្ញុំក៏ចង់ចូលដែរ តែ​ពេល​នេះពួកយើង​មិន​គិត​អ្វី​ក្រៅ​ពី រត់ រត់ និង​រត់។ រត់​មក​ដល់​ក្បែរ​រថភ្លើង យើង​កាន់តែ​ភ័យ​ទៀត​ព្រោះ​ឃើញ​មនុស្ស​ជ្រួលច្រាល បុគ្គលិក​ក្រុមហ៊ុន​រថភ្លើង​មួយចំនួន​ចេញ​មក​តម្រៀប​​ចាំ​ភ្ញៀវ​ដើម្បី​ឲ្យ​សំបុត្រ​ដែល​មានបញ្ជាក់​លេខ​កាប៊ីន និង​លេខ​គ្រែ បង​ដា​ ប្រាប់​ថា​គេ​តម្រង់​ជួរ ប៉ុន្តែ ខ្ញុំ​មើល​មិន​ឃើញ​អ្វី រចនា​ ក៏ដូចគ្នា​ពួកយើង​​រត់​ទៅ​ដូរ​យក​សំបុត្រ រួច​ស្រែក​រក​ក្រុមហ៊ុន​រថភ្លើង​របស់​យើងគឺ Orient រចនា​ ស្រែកថា Orient! Orient! Orient! ខ្លាំងៗ​ពីរ​បីដង​ ក្រោយមក​គេ​ក៏​ឲ្យ​យើង​ឡើង​ទៅ​កាប៊ីន​ទី២ មុនពេល​ឡើង​មក​យើង​បាន​ឮ​សំឡេង​អង្វរ​ ដូចជា​ចង់​យំ​របស់ស្រី​ម្នាក់​ ថា​ឲ្យជួយ​គាត់ផង​​ យើង​កាន់តែ​ភ័យ​ទៀត។ ស្ថានការណ៍​ពេល​នោះ​ប្រៀប​ដូចជា​ការ​រត់​គេចពី​សង្រ្គាម ប្រៀប​ដូចថា​ប្រសិនបើ​យើង​មិន​ទាន់​ជើង​រថភ្លើង​នេះ​ទេ​យើង​នឹង​អាច​មាន​គ្រោះ​ថ្នាក់​ដល់​ជីវិត​បាន រញ៉េ​រញ៉ៃ​វក់វី។ យើង​នៅ​លើ​កាប៊ីន ប្រជ្រៀត​គ្នា​ណែនណាន់ ផ្លូវ​ដើរ​ចង្អៀត ថែម​នឹង​មនុស្ស ថែម​នឹង​វ៉ាលីស​ របស់​មនុស្ស ៥ ឬ​ ៦ នាក់​ទៀត​ គឺណែនប៉ែស។ តែ​យើង​សំណាង​ព្រោះ បីនាក់​យើង​បាន​ឡើង​លើ​កាប៊ីនទាំង​ ៣ នាក់ ខ្ញុំឮ​ពីរចនា​ថា មាន​ក្រុមខ្លះ​មិត្តភក្តិរត់​មក​មិន​ទាន់​រថភ្លើង​ ព្រោះ​ពេល​ដែល​យើង​ឡើង​រថភ្លើង​បាន ២ នាទី រថភ្លើង​ក៏​ធ្វើ​ដំណើរ​ចេញពីស្ថានីយ! យើង​តែ​ងតែគិតថា​ប្រហែល​ជា​​រថភ្លើង​អាច​នឹង​រង់ចាំ​ព្រោះ​ដោយ​សារ​តែឧបទ្ទវហេតុ​នៅលើ​ភ្នំនោះ តែ​សុំទោស​បាទ! គ្មាន​រឿង​បែប​នោះទេ!

ពួក​យើង​ត្រូវ​បាន​ឲ្យប្ដូរ​ទៅ​កាប៊ីន​មួយទៀត​ជំនួស​វិញ ព្រោះ​យើង​ឡើង​ខុស​កាប៊ីន កាប៊ីន​យើង​លេខ ២ តែ​យើង​ឡើង​កាប៊ីន​លេខ ៣ តែ​មិន​អី​ទេ យើង​អាច​ដើរ​ឆ្លង​ទៅ​បាន។ ​រចនា ចូល​ទៅ​ដល់​បន្ទប់​មុន​គេ​ដូច​រាល់ដង គាត់ស្រែក​ឡើង​ថា​ បង​ដា ខ្ញុំគេង​ខាងក្រោម! ហេតុអ្វី? ដោយសារ​ថា​យើង​ជួប​បុរស​ឥណ្ឌា​ដែល​ជិះ​កាប៊ីន​ជាមួយ​យើង​កាល​ពី​យើង​ទៅ​សាប៉ា​ កាលពីថ្ងៃទី៣១ នោះ​ ពិត​ជា​ចៃដន្យខ្លាំងណាស់! ប៉ុន្តែ មុននឹង​រាក់ទាក់​គាត់ ពួក​យើង​ម្នាក់​ៗ នាំគ្នាស្រែក​វ៉ាស​ដោយ​​អារម្មណ៍​​ជា​ច្រើនលាយឡំ ទាំង​ធូរចិត្ត ទាំង​នៅ​ភ័យ ទាំង​ហត់​នឿយ គ្រប់សព្វ​បែប​យ៉ាង។ ហេតុការណ៍​ដែល​យើង​ជួប​នេះ ជា​ហេតុការណ៍​ដែល​អាច​លើក​មក​និយាយ​បាន​​មួយជីវិត​មិន​​ចប់​មិន​ហើយ ព្រោះ​ជា​រឿងដែលសំណាង​បំផុត​។ បើ​យើង​មកមិន​ទាន់​រថភ្លើង យើង​ក៏អាច​ចេញ​ពី​សាប៉ា​មក​បាន​ដែរ​ គ្រាន់តែ​យើង​អាច​ត្រូវ​ប្ដូរ​មក​ជិះ​ឡាន ឬ​ជិះ​រថភ្លើង​ដែល​មិនសូវ​ជា​មានផាសុកភាព​ដូច​រថភ្លើង​មួយ​នេះ​ប៉ុណ្ណោះ។

បន្ទាប់ពីស្រែក និង​រាក់​ទាក់​មិត្ត​រួមកាប៊ីន​របស់​យើង​មួយ​ម៉ាត់ម្នាក់​មក យើង​នាំ​គ្នា​ទៅកាន់​ភោជនីយដ្ឋាន​នៅ​លើ​រថភ្លើង​នោះ។ ពេល​នោះដែលយើង​គិត​ថាមិន​ញាំអ្វី​ទេ តែចៃ​ដន្យ​ងាក​ទៅឃើញ​មីស្រុះរបស់​តាប៉ិ​នោះ​គួរ​ឲ្យ​ឆ្ងាញ់ ស្រុះលាយ​ពង​ទា ចំណែកបង​ដា គាត់​ញាំ​មី​កំប៉ុង​របស់គាត់​ដែល​យួរ​ចុះ​ឡើង​ៗ តាំង​ពីភ្នំពេញដល់​សាប៉ា ត្រលប់​ទៅ​ហាណូយ វិញ គាត់​ខ្លាច​ថា​គ្មានអ្វី​ញាំ ហើយ​គាត់ក៏ញាំ​មី​របស់​គាត់​ពេល​នោះទៅ។ រចនា ឈរ​ឡើង​ដើរ​ទៅ​ជិត​ភ្ញៀវ​ដែល​កុម្ម៉ង់​មីស្រុះ រួច​ចង្អុល​ទៅ​លើ​ចាន​មី​របស់​បុរស​ម្នាក់​នោះ​ ចង់ប្រាប់ថា​សូមមួយចាន​ដែរ។​ (និយាយ​ដល់​មីស្រុះ​ស្រាប់តែ​ឃ្លាន!) ពួក​យើង​ញាំបណ្ដើរ​និយាយ​គ្នាបណ្ដើរ ហើយសើច​ខ្លាំងៗ រហូតដល់​តាប៉ិ​អ្នកបើក​បរ ឬ​អ្នក​ធ្វើ​ការ​លើ​រថភ្លើង​ងាក​មក​ លើក​ម្រាម​ដៃ​ដាក់​ក្បែរ​មាត់ជាសញ្ញា​ឲ្យស្ងាត់ ព្រោះ​គាត់​កំពុង​និយាយ​ទូរសព្ទ​ ហាហាហា ចុះ​បើ​ពួក​យើង​នៅ​ភ័យ​រឿង​រត់​ឡើង​រថភ្លើង​មិន​ទាន់បាត់​នោះ។ ញាំ​មីស្រុះ​រួចក៏​ដើរ​ត្រលប់​ទៅ​កាប៊ីនវិញ រួច​ក៏​នាំគ្នា​គេង​ទៅ! គ្រែខ្ញុំ​លើក​នេះ​សំណាង​អាក្រក់​មិន​មាន​ភ្លើង​នៅចុង​ក្បាល​ដំណេក​នោះទេ​ តែ​មិនអី​ទេ ទ្រាំ​គេង​ចុះ!

ប្រទេសវៀតណាម ចុងឆ្នាំ២០១៤ (វគ្គទីពីរ)​

ថ្ងៃទី២៩ ខែធ្នូ

ពេលព្រឹកឡើង យើងបានឡើងទៅញាំអាហារពេលព្រឹក រួចចុះមកចាំគេមកទទួលយើង ទៅលេងនៅ ហាឡុងបេ (Ha Long Bay) ហាឡុង ជាខេត្តមួយទៀតនៅក្បែរហាណូយ។ យើងត្រូវចំណាយពេល ប្រហែលជា ៤ ម៉ោង ពីទីក្រុងហាណូយ ដើម្បីធ្វើទៅ ហាឡុងបេ។ ពេលពាក់កណ្ដាលផ្លូវមានការសម្រាកឈប់ទទួលទានអាហារ និងបត់ជើងតូច។

គេជ្រើសរើសកន្លែងឲ្យយើងសម្រាក ជាកន្លែងដែលមានចម្លាក់ធ្វើពីថ្មកែវជាច្រើន មើលទៅកន្លែងនោះដូចជាសិប្បកម្មមួយកន្លែង មានចម្លាក់ មានការប៉ាក់រូបដើម្បីលក់ មានអាហារសម្រន់ និងមានវត្ថុអនុស្សាវរីយ៍មួយចំនួនដើម្បីដាក់លក់ ពួកយើង
មិនបានទិញអ្វីនោះទេ ប៉ុន្តែដើរថតរូបជិត ២០០ ប៉ុស្តិ៍ទៅហើយ ហាហាហា។

រយៈពេល ៤ ម៉ោង មានទាំងគេងតាមផ្លូវផង និយាយគ្នាពីនេះពីនោះផង ក៏មកដល់ ខេត្តហាឡុង បន្ទាប់ពីនោះយើងត្រូវទិញសំបុត្រកប៉ាល់ ដើម្បីជិះកប៉ាល់ទៅលេង ហាឡុងបេ ដែលដំណើរកំសាន្តនេះជាដំណើរកំសាន្តលើកប៉ាល់។ ដំណើរកំសាន្តនេះ យើងបង់ប្រាក់ទៅក្រុមហ៊ុនដើម្បីឲ្យគេរៀបចំឲ្យយើងតែម្ដង យើងចាំតែធ្វើដំណើរទៅតាមការ ចាត់ចែងរបស់គេតែប៉ុណ្ណោះ។ ដំណើរកំសាន្តនេះរួមបញ្ចូល ថ្លៃរថយន្តពីហាណូយ មក ហាឡុង ថ្លៃជិះកប៉ាល់ និងអាហារថ្ងៃត្រង់ហើយជា​អាហារថ្ងៃ​ត្រង់​ដែល​ច្រើន​មុខ​មែនទែន។

ពេលដែលឡើងលើទូកបានបន្តិច យើងក៏ចាប់ផ្ដើមថតរូបមួយសន្ទុះ ក្រោយមកក៏មាន ការរៀបចំអាហារថ្ងៃត្រង់ឲ្យពួកយើង។ ពេលទទួលទានបណ្ដើរក៏មើលឃើញទេសភាព របស់បណ្ដាប្រជុំកោះនៅទីនោះបណ្ដើរ មិនដឹងជាហៅថាកោះ ឬជាថ្មដុះទើបត្រូវនោះទេ ព្រោះថាមានថ្មដុះស្អេកស្កះច្រើនណាស់ (សូមមើលរូប) ពេលឃើញទេសភាពបែបនេះ ក៏នាំគ្នាជ្រួលច្រាលចេញទៅថតរូប ស្រាប់តែអ្នកនាំភ្ញៀវ (Guide)ចេញទៅប្រាប់ថា​ បានហើយ កុំទាន់អាលថត ទទួលទានអាហារឲ្យអស់សិនទៅ។ ខ្ញុំ និងរចនានិយាយ ខ្សឹបៗគ្នាថា កុំទាន់អាលថតតិចលោឪស្ដីឲ្យ ហាហាហា !

P1270184 P1270225 P1270172 P1270203

នៅក្នុងតុទទួលទានមានជនជាតិវៀតណាមពីរនាក់ទៀត ជាស្វាមីភរិយាថ្មោងថ្មីដែលមកហាន់នីមូន ពួកគេនិយាយដោយភាសាអង់គ្លេសមិនសូវជាជំនាញថា ពួកគេទើបនឹងមកកាន់ទីក្រុងហាណូយលើកដំបូងនោះទេ គេរស់នៅខេត្តសាយហ្គន។

ពេលជិះមើលទេសភាពបន្តិចទៀតទៅ ក៏មានកន្លែងដែលឈប់ ហើយយើងត្រូវចុះពីលើកប៉ាល់នោះ ដើម្បីទៅជិះទូកតូចៗ ផ្សេងទៀតដើម្បីចូលមើលទេសភាពនៅតាមល្អាង។ ទូកនោះមូលៗ ជិះគ្នាប្រហែល ៦ ឬ ៧នាក់ លោកតាអ្នកចែវទូកមានអារម្មណ៍ល្អ គាត់ ច្រៀងជារហូតតាមផ្លូវ មើលទៅគួរឲ្យអស់សំណើចណាស់។

ទេសភាពនៅក្នុងល្អាងគឺប្រហាក់ប្រហែលនឹង នៅល្អាងនៅ​កំពង់ត្រាច ខេត្តកំពត ដែល​​ខ្ញុំ​ទើប​នឹងទៅមកដែរ តែគ្រាន់តែរដ្ឋាភិបាលកម្ពុជាមិនចេះ កែច្នៃ​ទៅ​ជា​តំបន់​ទេសចរណ៍ ព្រោះពេលដែលខ្ញុំទៅស្ងាត់ជ្រាប និងមិនមានអ្វីធំដុំនោះទេ មានតែក្មេងៗ និងអ៊ំស្រីចាស់ម្នាក់ជាអ្នកនាំពួកខ្ញុំដើរមើលល្អាងទាំងនោះ។

IMG_8307IMG_8308P1270161P1270160

IMG_8332IMG_8318

បន្ទាប់ពីកន្លែងនេះ យើងក៏ជិះកប៉ាល់បន្តទៀត ហើយទេសភាព នៅតាមផ្លូវគឺសម្បូរទៅដោយថ្មដុះពាសពេញ។ រហូតដល់កន្លែងមួយទៀតដែលត្រូវឈប់ រួចដើរកាត់រូងភ្នំ រូងភ្នំនេះធំល្មម យើងត្រូវដើរឆ្លងមួយសន្ទុះដើម្បីចេញទៅម្ខាងទៀត ដែលកប៉ាល់ទៅចាំមុន ការដើរឆ្លងកាត់មិនមានអ្វីពិបាកក្នុងការមើលផ្លូវព្រោះមានការដាក់ភ្លើងពណ៌ផ្សេងៗនៅតាមផ្លូវ តែពិបាកក្នុងការថតរូប ព្រោះថាទោះបីជាមានភ្លើង ក៏នៅតែងងឹតនៅឡើយ។ ល្អាងភ្នំ មានថ្មដុះចេញជារូបរាងផ្សេងៗ តែផ្លូវដើរមានការចាក់អិដ្ឋការ៉ូដើម្បីឲ្យមានការងាយស្រួលក្នុងការដើរ មិនមែនដើរផ្លូវគន្លីកគន្លាក់នោះទេ។

P1270240P1270247

IMG_8389 IMG_8396

ដំណើរកំសាន្តទៅហាឡុងបេ ត្រូវចប់ត្រឹមនេះ តែមុននឹងចប់យើងក៏ថតរូបរាប់មិនអស់ទៅហើយ តែពេលមកដល់សណ្ឋាគារ យើងបានរៀបចំផែនការថាទៅណាខ្លះ ដែលមានដូចជា កន្លែងដាក់សាកសព ហូ ជីមិញ វិហារប្រាជ្ញា (Temple of Wisdom) ស្ពានក្រហម និងផ្សារចាស់ ប៉ុន្តែខ្ញុំជាអ្នកសុំថាយើងគួរតែទៅស្ពានឡុងបៀន ដែលជាស្ពានចាស់ និងឮថាមានចាក់កូនសោរដូចនៅស្ទឹងសែនប៉ារីសដែរ ចាំមើលតើពួកយើងនឹងជួបអ្វីវិញ?

ថ្ងៃទី៣០ ខែធ្នូ
ថ្ងៃនេះ យើងមានពេលទំនេរមួយថ្ងៃដើម្បីទស្សនាទីក្រុងហាណូយ ដោយខ្លួនឯង ដោយមិនចាំបាច់ត្រូវបង់ប្រាក់សម្រាប់ការនាំដើរ។ ប៉ុន្តែ យើងត្រូវយកឥវ៉ាន់ចេញពីសណ្ឋាគារឲ្យហើយ ព្រោះម៉ោង ៨ យប់ យើងនឹងត្រូវចេញដំណើរទៅ តំបន់សាប៉ា ខេត្តឡៅកាយ ដែលជាគោលដៅរបស់យើងក្នុងដំណើរកំសាន្ដលើកនេះ។ បន្ទាប់មកយើងក៏ដើរ ចេញពីសណ្ឋាគារ ដោយមានការណែនាំពី រចនា ព្រោះគាត់ធ្លាប់មកហាណូយម្ដង កាលពី ១០ ឆ្នាំមុនអីណ៎ក ហេហេហេ។ យើងដើរទៅកាន់វិហារចិនមួយ ដែលយើងឃើញកាលពីម្សិលមិញ ថតរូបមួយសន្ទុះ ក៏នាំគ្នាហៅតាក់ស៊ី តែមុននឹងហៅតាក់ស៊ី ក៏មានការថតរូបជាមួយនឹងជញ្ជាំងមួយដែលមានបិទអិដ្ឋរលោងៗតូចៗ ចេញជារូបផ្សេងៗទៀតផង។ រួចក៏ហៅតាក់ស៊ីឡើងទៅកន្លែងដាក់សាកសពរបស់ ហូ ជីមិញ។

កន្លែងដាក់សាកសព ហូ ជីមិញ ធំល្វឹងល្វើយ មានការយាមកាមតឹងតែង ប្រសិនបើចង់ចូលមើលសាកសពគាត់ គឺហាមមិនឲ្យយកកាម៉េរ៉ាចូល ហើយប្រសិនបើគ្រាន់តែចង់ចូលត្រឹមទីធ្លាក៏ត្រូវសុំច្បាប់ដែរ។ ដំបូងយើងតម្រង់ជួរទីមួយ គេស្កែនខ្លួន គេឲ្យយើងយកទូរសព្ទ ម៉ាស៊ីនថត និងកាបូបលុយចេញ តែកាបូបធំផ្សេងទៀតត្រូវផ្ញើនឹងគេ។ ដំណាក់កាលមួយទៀត គេមានចែកជាពីរ គឺត្រូវដាក់ម៉ាស៊ីនថតផ្ញើបើចង់ចូលទៅមើលសាកសពអ៊ំហូ តែបើមិនចូលទេគ្រាន់តែទៅសុំច្បាប់ផ្សេងទៀតដើម្បីបានចូលត្រឹមទីលានកន្លែងនោះ។ ពួកយើងតម្រង់ជួរម្ដងទៀត ហើយក៏ត្រូវស្កែនខ្លួនម្ដងទៀត តម្រង់ជួររួច ស្កែនរួច ក៏មិនមានឃើញគេឲ្យច្បាប់អ្វី ឃើញថារញ៉េរញ៉ៃពេកពួកយើងខ្ជិលសួរច្រើន ព្រោះពួកគាត់ក៏មិនសូវជាចេះភាសាអង់គ្លេសប៉ុន្មាន ដូច្នេះអ្វីដែលយើងធ្វើ គឺដើរកៀកៗនឹងក្រុមដែលគេមានច្បាប់ ដើម្បីឆ្លងកាត់កន្លែងយាមមួយទៀត ដែលនៅផុតពីកន្លែងស្កែនលើកទីពីរ សំណាងដែរគេមិនសួរនាំច្រើន។ ពេលចូលមកបានក៏នាំគ្នាថតរូបនៅពីមុខអាគារដ៏ស្កឹមស្កៃមួយ ដែល រចនា ប្រាប់ថាខាងក្នុងនោះមានដាក់សាកសពអ៊ំហូ ក្រោយមកក៏ដើរទៅតាមគំនូសព្រួញដែលគេឲ្យដើរ ក៏ទៅដល់អាគារមួយពណ៌លឿងឆ្អៅ គឺជាកន្លែងដែលអ៊ំហូ មានប្រជុំជាមួយអ្នកមុខអ្នកការ គ្រាន់តែចូលមើលតិចនឹងក៏អស់លុយដែរ ក្រោមមកទៀតដើរកាត់ផ្ទះដែលអ៊ំហូ រស់នៅ ដែលជាផ្ទះឈើតូចមួយ ក្រោយមកដើរកាត់សួនច្បារអ៊ំហូ ធ្លាប់ដើរហាត់ប្រាណ និងក្រោយមកដើរកាត់សារៈមន្ទីរអ៊ំហូ រួចហើយក៏វិញត្រលប់មកយកកាបូបវិញ ដោយសារតែគេថាគេបិទត្រឹមម៉ោង ១១ ព្រឹក។

P1270272 P1270294 P1270297 P1270307

បន្ទាប់មកក៏នាំគ្នាសួររកផ្លូវពីអ្នកយាមទៅកាន់ វិហារប្រាជ្ញា គេប្រាប់ថាប្រហែល ៥០០ ម៉ែត្រ តែពួកខ្ញុំដើរឡើងចង់ធ្លាក់ភ្នែក ទម្រាំបានមកដល់។ វិហារនេះស្រស់ស្អាតដែរ ទំហំក៏ធំល្មម និងមានទីតាំងដែលត្រូវថតរូបជាច្រើនកន្លែងទៀតផង ហើយក៏មានកន្លែងបន់ស្រន់ ឃើញជនជាតិវៀតណាមគេបន់ស្រន់គ្រប់គ្នា។ បន្ទាប់មកយើងក៏សម្រេចថានឹងទៅស្ពានឡុងបៀនបន្ដ ដោយជិះតាក់ស៊ីទៅ។

IMG_8614 IMG_8619 IMG_8622 IMG_8623 IMG_8624 IMG_8627

ការជិះលើកនេះ ថ្លៃ និងឆ្ងាយគួរសម ស្រាប់តែពូតាក់ស៊ីគាត់នាំមកដល់តំបន់ ឡុងបៀន ខំប្រាប់ថាស្ពានឡុងបៀន តែគាត់ស្ដាប់មិនច្បាស់ ប៉ុន្តែនៅទីនោះអ្វីដែលយើងឃើញគឺជាភូមិដ៏ស្ងាត់ជ្រងំ និងស្ពានដ៏ទ្រុឌទ្រោមមួយ មានប្រវែងយ៉ាងវែង យើងគិតថានឹងចង់ដើរមើលស្ពានដើម្បីរកកន្លែងចាក់សោរគូស្នេហ៍ តែគ្រាន់តែឃើញស្ពានក៏ដឹងហើយថាគ្មានកន្លែងបែបនោះនោះទេ។ កាលដែលខ្ញុំចង់មកទីនេះ គឺដោយសារកាលពីថ្ងៃម្សិលមិញ ខ្ញុំឮអ្នកនាំភ្ញៀវដែលនាំយើងទៅ ហាឡុងបេ នោះនិយាយបែបនេះ តែនិយាយឲ្យត្រង់ទៅខ្ញុំឮមិនច្បាស់ដែរ ព្រោះពេលនោះខ្ញុំលក់តិច ភ្ញាក់តិច ហាហាហា! យើងក៏ចុះពីលើស្ពានវិញទាំងអស់សង្ឃឹម ខ្ញុំចង់និយាយសុំទោសពីរនាក់ទៀតដែរ តែអៀនៗមិនហ៊ាននិយាយអ្វី ក្រោយមកដោយសារឃ្លានពេកក៏ចូលទៅញាំទឹកអំពៅនៅកន្លែងមួយ។ យើងខ្សឹបខ្សៀវគ្នាថាចង់ញាំតៅហ៊ូចៀន ព្រោះកន្លែងលក់ទឹកអំពៅនោះឃើញគេកំពុងចៀនតៅហ៊ូ ហើយដោយសារតែម៉ោង ១ ជាងទៅហើយ បាយថ្ងៃត្រង់ក៏មិនទាន់បានទទួលទានដែរ ក៏សម្រេចថាញាំតៅហ៊ូចៀន ទ្រាប់ពោះសិន។ ជាទូទៅពេលដែលយើងត្រូវការកុម្ម៉ង់ ភាគច្រើន យើងនឹងឲ្យរចនា ជាអ្នកទំនាក់ទំនងជាមួយអ្នកលក់ ដោយសារតែមិនចេះភាសា តែរចនា គេចេះស្ដាប់តិចតួច ទើបពួកយើងទុកចិត្ត ស្រាប់តែក្រោយពេលរចនា កុម្ម៉ង់ទឹកអំពៅបីកែវរួច បងដាស្រែកឡើងថា “តៅហ៊ូ” ដាក់អ្នកលក់ទឹកអំពៅ ដែលតាប៉ិនោះធ្វើមុខភ្លឹះៗ ទាំងងឿងឆ្ងល់។ បងដាក៏ស្រែកមករកពួកយើងពីរនាក់ថា “ហ្អាក! មើលគេអត់ស្គាល់តៅហ៊ូ” ពួកខ្ញុំក៏នាំគ្នាសើចគឹលឡើង រួចនិយាយថា “ត្រូវហើយបង ពួកនេះល្ងង់ណាស់វាមិនស្គាល់តៅហ៊ូទេ” ក្រោយមកទើបគាត់ដឹងខ្លួន រួចគាត់និយាយថា បងស្មានតែគេហៅតៅហ៊ូដូចយើងដែរ ហេហេហេ។ យើងក៏នាំគ្នាចង្អុលតៅហ៊ូចៀនក្នុងខ្ទះ តែគេគ្រវីក្បាល សង្ស័យតែគេចៀនទុកញាំខ្លួនឯង ឬទុកធ្វើម្ហូបអ្វីផ្សេងហើយមើលទៅ។ តែក្រោយមកពាក្យថា ឡុងបៀន និងតៅហ៊ូ ក្លាយទៅជាពាក្យកំប្លែងសម្រាប់ក្រុមយើង។

បន្ទាប់ពីទឹកអំពៅ ក៏ត្រូវជិះតាក់ស៊ី មកលេងស្ពានពណ៌ក្រហម និងលេងនៅតាមតំបន់ក្បែរៗនោះ ការនិយាយថាលេង មិនមែនអ្វីនោះទេគឺថតរូបទៀតហើយ មានទាំងហ្សែលហ្វី មានទាំងឲ្យគេថតឲ្យ តែភាគច្រើនអត់សូវមានរូបបីនាក់នោះទេ ព្រោះមិនដែលបានឲ្យអ្នកផ្សេងថតឲ្យ។ ក្រោមពីថតរូបលើស្ពានរួច ក៏នាំគ្នាជិះឡានអាគុយមើលជុំវិញផ្សារចាស់ ឃើញការលក់ដូរ ឃើញការរស់នៅរបស់ប្រជាពលរដ្ឋ និងឃើញវិហារគ្រឹស្តសាសនាមួយដែរ។ ក្រោយមកយើងក៏នាំគ្នាជិះតាក់ស៊ីទៅរកកន្លែងកំសាន្តចុងក្រោយរបស់ថ្ងៃនេះ គឺវិហារមួយដែលមានរាងខ្ពស់សន្លឹម មានជារាងថ្នាក់ៗដូចវិហារចិន ហើយក្នុងថ្នាក់នីមួយៗមានព្រះនាងគង់ស៊ីអីមនៅតាមថ្នាក់ៗនោះ មានប្រហែលជា ៤ ឬ ៥ រូបចម្លាក់។

P1270337 P1270360 P1270361 P1270411

P1270436 P1270447 P1270443 P1270455

ដើរមើលជុំវិញ ដើរថតរូប អង្គុយសម្រាកមួយសន្ទុះ ក៏ហៅតាក់ស៊ីត្រលប់មកសណ្ឋាគារវិញ យើងមិនអាចចូលបន្ទប់បានទេព្រោះបានចាកចេញតាំងពីព្រឹកទៅហើយ អញ្ចឹងក៏នាំគ្នាសំកុកនៅហាង Lottery ហាងអាហារហ្វាស់ហ្វូត ដូចឡាក់គីបឺហ្គឺរដែរ។ ទូរសព្ទបងដាអស់ថ្មរហូតៗ គាត់ក៏អង្គុយលេងបណ្ដើរ សាកថ្មបណ្ដើរ រង់ចាំដល់ម៉ោងដែលត្រូវជិះទៅស្ថានីយរថភ្លើង មុននឹងទៅយើងបានសាកល្បងស៊ុបឆ្នាំងភ្លើងនៅមុខសណ្ឋាគារនោះ ឃើញថារសជាតិម្យ៉ាងដែរ។ បន្ទាប់ពីអាហារពេលល្ងាច យើងជិះតាក់ស៊ីទៅស្ថានីយរថភ្លើង។

ទៅដល់ យើងត្រូវដូរយកសំបុត្រ ព្រោះការដែលយើងកក់ យើងគ្រាន់តែកក់ជាវិក័យប័ត្រសិនទេ ក្រោយមកទើបដូរជាសំបុត្រដែលបញ្ជាក់ពីលេខកាប៊ីន និងលេខគ្រែដែលយើងត្រូវគេង។ កាប៊ីននីមួយៗត្រូវមានមនុស្ស ៤ នាក់ ហើយជាគ្រែគេង តូចៗល្មមនឹងមនុស្សម្នាក់គេង។ រឿងរថភ្លើងនេះ ជារឿងមួយដែលធ្វើឲ្យខ្ញុំព្រួយបារម្ភជាខ្លាំង ព្រោះថាមិនដឹងថានឹងត្រូវជួបជាមួយមនុស្សបែបណាដែលមកត្រូវគេងក្នុងកាប៊ីនជាមួយពួកយើងបីនាក់។ ពួកយើងបានសម្រេចគ្នាហើយថា ប្រសិនបើមនុស្សពីរនាក់ត្រូវគេងនៅខាងលើ ម្នាក់ទៀតត្រូវឡើងទៅគេងនៅលើដែរ ដើម្បីកុំឲ្យមានបញ្ហាផ្សេងៗ។ តែសំណាងល្អលេខគ្រែគឺពួកយើងពីរនាក់នៅក្រោម និងម្នាក់ទៀតនៅលើ ដូច្នេះ រចនា គេកក់ខាងលើ។ ប៉ុន្តែ ពេលចូលទៅដល់កាប៊ីនភ្លាម រចនាស្រែកថា បងដា ទៅគេងលើទៅ ដោយសារគេឃើញបុរសម្នាក់គេងនៅជាន់លើនៃ គ្រែម្ខាងទៀតទៅហើយ គាត់ជាជនជាតិឥណ្ឌា ហើយគាត់មកដល់ក្នុងកាប៊ីនមុនយើង។ គាត់ស្រួលម្យ៉ាងដែរ មិនរករឿង មិនទាន់ដឹងអីក៏ឡើងគេងតាំងពីក្បាលព្រលប់ (ម៉ោងជិត ៩ ទៅហើយ)។ ពួកយើងវិញ នៅនិយាយគ្នា នៅលុបមុខ នៅដូរស្បែកជើង នៅដុះធ្មេញ និងថែមទាំងដើរមើលកាប៊ីនផ្សេងៗទៀតផង។

គ្រែរបស់ខ្ញុំនៅខាងក្រោមមានភ្លើងតូចមួយនៅជញ្ជាំងលើក្បាលដំណេក ប៉ុន្តែដោយសារភ្លើងនោះចាំងពន្លឺពេក ខ្ញុំក៏យក​ដៃរុញចុះឡើងសារេឲ្យត្រូវជ្រុងស្រាប់តែរុញវារហូតទាល់តែវាលឹបចូលបាត់ ហើយសល់ប្រហោងនៅត្រង់ក្បាលដំណេក សំណាងដែរដែលមិនមានកូនកណ្ដុរចេញមកសួស្ដីពេលយប់ ហាហាហា។ ខ្ញុំភ័យតិចៗខ្លាចថាពេលជិះមកពី សាប៉ា​ វិញគេរករឿងឲ្យសងថ្លៃអំពូលគេខូចនោះ ហាហាហា។

ប្រទេសវៀតណាម ចុងឆ្នាំ២០១៤ (វគ្គទីមួយ)​

ខ្ញុំ​បាន​ចំណាយ​ពេល​ ជាងមួយអាទិត្យ ធ្វើដំណើរកំសាន្ត ភាសាសាមញ្ញថាដើរលេង​នៅ​ប្រទេសវៀតណាម ជាមួយមិត្តភក្តិ/បងស្រីប្អូនស្រី ពីរនាក់ទៀតផ្ដល់នូវអនុស្សាវរីយ៍​ច្រើន​រាប់​មិន​អស់ ចឹងនឹងមិនរាប់ឲ្យអស់ក្នុងអត្ថបទនេះទេ។

ប្រសិនបើចង់សួរថាហេតុអ្វីបានជាយើងសម្រេចចិត្តទៅវៀតណាម?

មិនមានចម្លើយច្បាស់លាស់ទេ ប៉ុន្តែដោយសារតែឆ្នាំមុនដែលយើង​បានទៅលេង​ប្រទេស​ឡាវ យើងមានគម្រោងថាយើងចង់ទៅលេង តំបន់សាប៉ាដោយសារ​ឮ​ថា​តំបន់​នោះ​ស្អាត ត្រជាក់ និងអាចធ្លាក់ព្រិលទៀត ហើយយើងក៏ចង់ឃើញព្រិលជាលើកដំបូង។

កាលពីគិតគូរគ្នានោះគឺចុងឆ្នាំ២០១៣ ហើយពេលនោះក៏ខ្ញុំមិនទាន់បានឃើញព្រិលដែរ ទើបជាសំណើរគួរឲ្យចាប់អារម្មណ៍ តែ​ក៏​នៅ​ស្ទាក់ស្ទើរ​ថា​តើ​យើង​អាច​ទៅ​បាន​ឬ​មិន​បាន​។ បងដា ភ្ញាក់ផ្អើលជាងគេ ប្រាប់​ថា​គួរ​តែ​ប្រញាប់​កក់​សំបុត្រ​យន្តហោះ​ដើម្បី​ឲ្យ​បាន​តម្លៃ​ថោក ប៉ុន្តែពួកយើងពីរនាក់ទៀត ខ្ញុំ និងរចនា នាំគ្នាស្រែកយ៉ៃ ព្រោះ​ថា​អ្វីៗ​សុទ្ធ​តែ​មិន​ប្រាកដ និងអាចប្រែប្រួលបាន។

អូហូ! រៀបរាប់ពីដំណើរដើមទងនៃដំណើរកំសាន្តដូចជាច្រើនក្រែលដែរ ចឹង កុំ​ឲ្យ​ខាត​ ពេលយូរទៅសើរើការចងចាំរបស់ខ្ញុំពីការដើរលេងលើកនេះទាំងអស់គ្នា។

ពួកយើងមានរយ:ពេល មួយអាទិត្យ ពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៣ ដល់ថ្ងៃ០៣ ខែមករា ឆ្នាំ២០១៤។ កាលវិភាគការធ្វើដំណើររបស់យើងគឺបែបនេះ

ថ្ងៃទី២៨ ខែធ្នូ
ជិះឡានក្រុងទៅ ខេត្តហូជីមិញ (ម៉ោង ៧ព្រឹក ដល់ ម៉ោង ២ កន្លះរសៀល)
ដើរ​លេង​ជុំវិញទីក្រុង​មួយសន្ទុះ​
ពេលល្ងាច​ជិះ​យន្តហោះ​ទៅ​ហាណូយ​

ថ្ងៃទី២៩ ខែធ្នូ
ទៅលេងហាឡុង​បេ

ថ្ងៃទី៣០ ខែធ្នូ​
នៅលេង​ហាណូយ​ មួយ​ថ្ងៃ​ពេញ
ពេលល្ងាច​ម៉ោង ជិត​ ៩ យប់​ ជិះ​រថភ្លើង​ពេល​យប់​​ទៅសាប៉ា​

ថ្ងៃទី៣១ ខែធ្នូ​
ដើរ​លើ​ផ្លូវ​ភ្នំ​ មួយថ្ងៃ​ពេញ​
ពេលយប់​ចាំរាប់ថយក្រោយ​

ថ្ងៃទី​១ ខែមករា
ដើរ​លើ​ផ្លូវ​ភ្នំ​មួយ​កំណាត់ថ្ងៃ​
ពេលរសៀល​ចុះ​ពីភ្នំមកវិញ​
ពេល​យប់​ជិះ​រថភ្លើង​ពេលយប់ ត្រលប់មក​ហាណូយ​វិញ

ថ្ងៃទី២ ខែមករា
ទៅលេខ​ខេត្ត​ញិនបិន​

ថ្ងៃទី៣ ខែមករា​
ជិះយន្តហោះ​មក​សាយហ្គន​វិញ​
ពេលល្ងាចជិះ​ឡានក្រុង​មក​ភ្នំពេញ​
នេះជាកាលវិភាគត្រួសៗ​របស់ដំណើរ​កំសាន្ត​នេះ​

ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១៤

ពេល​មក​ដល់​សាយហ្គន យើង​​ទម្លាក់ឥវ៉ាន់​ផ្ញើរ​នឹង​កន្លែងឡានក្រុង​សិន រួច​ជិះតាក់ស៊ី​ទៅ​លេងជុំវិញម្ដុំប្រៃសណីយ៍ចាស់។នៅសាយហ្គន មានការិយាល័យប្រៃសណីយ៍ដែលបើកឲ្យភ្ញៀវទេសចរណ៍ចូលទស្សនា ហើយ បុគ្គលិករបស់គេក៏ធ្វើការធម្មតា នៅកៀនៗមានលក់វត្ថុអនុស្សាវរីយ៍ តែរចនាប្រាប់​ថា​ថ្លៃ ចឹងក៏មិនបានដើរមើលទៅ។ បន្ទាប់មកក៏ចេញដើរទៅថតនៅតាមវិហារកាតូលិក (អត់ច្បាស់ដែរតែគិតថាចឹង) នៅក្បែរៗនោះ។ និយាយ​ទៅ​ការ​ដើរ​លេង​របស់​យើង​ភាគ​ច្រើន ផ្ដោតលើការថតរូបច្រើនជាង (ដើរលេងៗម្ដងៗរាប់ពាន់រូប)។ ដើរ​លេង​រួច​យើង​ក៏​ជិះ​តាក់ស៊ី ទៅព្រលានយន្តហោះ សុន យ៉ាត់សិន។ យើងជិះតាក់ស៊ីពីរដង ជួប​អ្នក​បើកបរ​តាក់ស៊ីៗ​សង្ហារៗ​ទាំងពីរដង ហើយពួកគាត់អត់បោកគីឡូទៀត។

P1260959P1260933
P1260917
P1260929

ទៅដល់ព្រលានយន្តហោះ យើងក៏ check in រួចក៏ទៅញាំបាយមុននឹងឡើងយន្តហោះ បាយនៅព្រលាននឹងឆ្ងាញ់ហើយតម្លៃគួរសម (ចាយលុយដុងបណ្ដើរ ខួរ​ក្បាល​បំឡែង​វា​ជាលុយដុល្លារ ឬលុយរៀលបណ្ដើរ)។ បន្ទាប់ពីញាំរួចក៏សម្រេចចិត្តចូលទៅចាំច្រកទ្វារឡើងយន្តហោះ ពេល​ដើរ​ឡើង​ទៅ​ក៏​​ត្រូវឆ្លងកាត់ការត្រួតពិនិត្យកាបូបដោយម៉ាស៊ីនសុវត្ថិភាព។ ពេល​នោះ​ហើយ​ដែល​ អាថ៌កំបាំងមួយចំនួនត្រូវបានលាតត្រដាង ពីរនាក់នោះគេរៀបគម្រោងក្បត់ខ្ញុំ ហាហាហា គឺគេរៀបគម្រោងថានឹងរៀបចំពិធីខួបកំណើតឲ្យខ្ញុំ (ថ្ងៃកំណើតខ្ញុំមិនចាំ តែថ្ងៃក្នុងបញ្ជីជាតិគឺ ថ្ងៃ១ ខែមករា)។

IMG_8230 IMG_8231

ការដែលខ្ញុំដឹងនោះគឺថាភ្នាក់ងារត្រួតពិនិត្យកាបូបរកអាវុធជាតិផ្ទុះ បាន​រក​ឃើញ​ជាតិ​ផ្ទុះ​នៅក្នុងកាបូបរបស់រចនាមែន គឺ​កូន​កាំច្រួច​ដែល គេ​ចូលចិត្ត​អុជ​ពេល​មាន​បុណ្យ​កំណើត​ ឬពិធីរៀប​អាពាហ៍​ពិពាហ៍​ជាដើម។ ពេលនោះ ខ្ញុំឆ្ងល់ថាគេយកមកធ្វើអ្វី! ដំបូង​ គិតថាឬគេ​យក​មក​អុជពេលឆ្លងឆ្នាំ? តែស្រាប់តែមានឃើញទៀនមួយប្រអប់ទៀត ទើប ខ្ញុំដឹងថាគេយកមកចង់ធ្វើឲ្យខ្ញុំភ្ញាក់ផ្អើល ពេលនោះខ្ញុំសើចពេញទំហឹង។ រចនា សើចមិនទាន់ចេញ ព្រោះនៅកំពុងស្រឡាំងកាំង និងភ្ញាក់ផ្អើល ហើយម្យ៉ាងទៀត ភ្នាក់ងារ ត្រួតពិនិត្យនោះឲ្យគេចុះហត្ថលេខាលើបញ្ជីស្បែកខ្មៅ ហាហាហា នេះ​ជា​រឿង​ដែល​ធ្វើឲ្យខ្ញុំចាំមិនភ្លេច។

ម៉ោងប្រហែលជា ៩ យប់ យើងចេញពីព្រលានរួចដើររកតាក់ស៊ី បាន​ជួប​នឹង​អ្នក​រត់​តាក់ស៊ី​ក្មេងស្ទាវ មានអារម្មណ៍ថាភ័យៗបន្តិចដែរ តែក៏ទប់អារម្មណ៍បាន។ ចំណាយពេល ១ ម៉ោង ពីព្រលានយន្តហោះនៅហាណូយ ដើម្បីទៅដល់ក្នុងទីក្រុង ហើយ​ពេល​ទៅ​ដល់​សណ្ឋាគារ ពួកយើងក៏បានរកអីញាំនៅខាងមុខសណ្ឋាគារ ជាកន្លែងលក់សាច់អាំង តែសាច់អាំងបែបចង្កាក់ មានបន្លែលាយ ហើយមានបាយឆា និងមីឆាលក់ក្បែរនោះដែរ អ្វីដែលសំខាន់គឺមានអ៊ីនធឺណេតប្រើ។

យើងខំរំពឹងថានៅក្នុងបន្ទប់មានអ៊ីនធឺណេតប្រើ តែគ្មានទេ គឺសេវាទៅមិនដល់។ និយាយៗទៅ ចាញ់កាលយើងទៅលេងនៅឡាវ ដែលសូម្បីតែនៅលើកោះ ក៏មាន​អ៊ីនធឺណេតឲ្យប្រើដែរ។ ពេលដែលគ្មានអ៊ីនធឺណិតប្រើ ម្នាក់ៗក៏នាំគ្នាងូតទឹក និង
រៀប​ចំ​ចូលគេង ប៉ុន្តែ ក៏មានហេតុការណ៍ម្យ៉ាងកើតឡើង ធ្វើឲ្យខ្ញុំចាំមិនភ្លេចដូច​គ្នា​ដែរ។

ខ្ញុំជាអ្នកងូតទឹកមុន ប៉ុន្តែ​មុន​នឹង​ងូត​ខ្ញុំ​បាន​យក​សៀវភៅ​មួយ​ក្បាល​ដាក់​លើ​ក្បាល​ដំណេកស្រួលគេងអាន។ ពេលដើរលេងចូលចិត្តយកសៀវភៅតាម ហើយ​ពេល​ខ្លះ​បាន​អាន ពេលខ្លះមិនបានអាន សៀវភៅមួយក្បាលនេះចំណងជើងថា “Love Rosie” ល្អមើលណាស់។ ត្រលប់មកវិញ គឺថាពេលងូតទឹករួច ក៏ឡើងទៅគេងតែម្ដងពេលនោះ ខ្ញុំទម្លាក់ក្បាលលើខ្នើយរួចហើយក៏ទាញសៀវភៅមកអាន រចនា ចូលងូតទឹកបន្ទាប់ពីខ្ញុំ ស្រាប់តែឃើញបងដានៅមិនសុខ មិនដឹងថាមានរឿងអ្វី បន្ទាប់ពី រចនាចេញមករួច រចនាក៏ស្ទុះមកជិតខ្ញុំ និងទាញយកសូកូឡាមួយប្រអប់ចេញពីក្បែរខ្នើយរបស់ខ្ញុំ។

IMG_8264 IMG_8265

តាម​ពិត​គេ​លាក់​ក្រោម​សៀវភៅរបស់​ខ្ញុំ តែដោយសារខ្ញុំគេងរួចបាន​ទាញសៀវភៅមើល ទើបខ្ញុំមើលមិនឃើញសូកូឡានោះ គេមានសរសេរសារជូនពរថ្ងៃកំណើត ស្រាប់តែ​ ក្រោយមកឮ​បងដា និយាយថាបងដុតទាន​សិន ខ្ញុំស្មានតែគេមាននំខេក តាម​ពិត​ គេយកកូនចានទ្រាប់កែវនៅសណ្ឋាគារ រួចអុជទាន ៤ ឬ ៥ ដើម ហើយឲ្យខ្ញុំផ្លុំ ខ្ញុំសើចរឹងពោះអស់ហើយ។ គេថានឹងហើយពូកែឆ្លាតពេក គេរៀបគម្រោង​ធ្វើឲ្យភ្ញាក់ផ្អើល មិនបាន ធ្វើបែបនេះទើបភ្ញាក់ផ្អើលមែនទែន ហាហាហា។ អរគុណ​អ្នកទាំងពីរហើយ ដែលនៅតែខិតខំរៀបគម្រោង ទោះបីជាភាគច្រើនជាគម្រោងដែលបរាជ័យក៏ដោយ។

(នៅ​មាន​ត)​

ខ្លួន​ជា​ស្រី ហាម…

តើ​​អ្នក​ជា​ស្រី​មែន​ទេ?​ ​តើ​អ្នក​ដែលធ្លាប់​ត្រូវបាន​ ឪពុកម្ដាយ​ បងប្អូន ឬសាច់ញាតិ​​​ហាម​នេះ​ ហាម​នោះ​ដែរ​ឬ​ទេ? ខ្ញុំ​ធ្លាប់ ហើយ​​ខាង​ក្រោម​នេះ​ជា​អ្វីដែលខ្ញុំ​នឹក​ឃើញ​ ចុះ​អ្នកវិញ? (សួរទៅកាន់ស្រីៗ) ​

#ខ្លួនជាស្រី ​ហាម​សើច​ខ្លាំងៗ​

#ខ្លួនជាស្រី ហាម​និយាយ​ឮៗ

#ខ្លួនជាស្រី ហាម​និយាយ​ពាក្យ​ឈ្លើយ​​

#ខ្លួនជាស្រី​ ហាម​និយាយ​ពាក្យថា “​ហក់​ទាត់​”​

#ខ្លួនជាស្រី ហាម​ប្រើ​ជើង​​​ទាត់​មនុស្ស​ប្រុស​

#ខ្លួនជាស្រី ហាម​យក​ជើង​បិទ​កង្ហារ​

#ខ្លួនជាស្រី ហាម​ដើរ​កន្លង​មនុស្ស​ប្រុស​

#ខ្លួនជាស្រី ហាមដើរ​លេង​យប់​

#ខ្លួនជាស្រី ហាម​ដើរ​ផ្ទះគេ​រហេត​រហូត

#ខ្លួនជាស្រី ហាមសារភាព​ស្រលាញ់​មនុស្ស​ប្រុស​មុន

#ខ្លួនជាស្រី ​ហាមចិត្តងាយ​

#ខ្លួនជាស្រី ហាម​ទំពារ​ឮៗ​

#ខ្លួនជាស្រី ហាម​សាក់​

#ខ្លួន​ជា​ស្រី ហាម​​…

(ចាំគិត​ឃើញ​ ចាំ​ថែមទៀត)​

ការ​ស្រោចទឹកកក​លើក្បាល​ (IceBucket​Challenge)

ខ្ញុំមានអារម្មណ៍​ថា​ខ្ញុំញៀន​នឹង​ ice bucket challenge ដែលជា​យុទ្ធនាការ ខ្ញុំសុំ​ហៅ​ថា​យុទ្ធនាការ​ស្រោចទឹកកក​លើ​ក្បាល​ ព្រោះថា​​ការធ្វើបែប​នេះ​អាច​រៃ​អង្គាស​ថវិកា​រាប់​លាន​ទៅកាន់​មូលនិធិ (Amyotrophic lateral sclerosis) ALS បកប្រែ​ជាភា​សា​ខ្មែរ​តាម លោក ទេព សុវិចិត្រ​ លើ​សរសេរ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ថា

ជំងឺ​នេះ​ជា​ជំងឺ​ទាក់ទង​ទៅនឹងណឺរ៉ូនចលករ (Motor neuron) ។ ណឺរ៉ូន​ចលករ​មាន​ចាប់​ពី​ខួរ​ក្បាល​រហូត​ដល់​ឆ្អឹងខ្នង និង​ចាប់​ពី​ឆ្អឹង​ខ្នង​​ទៅ​កាន់​​សាច់​ដុំ​​នានា​​ពាសពេញ​រាងកាយ​។ ជំងឺ​នេះ​នឹង​ធ្វើ​​ឲ្យ​​ណឺរ៉ូន​ចលករ​ចុះ​ខ្សោយ​ម្ដង​បន្តិចៗៗ រហូត​ដល់​វា​លែង​ដំណើរ​ការ ដូច្នេះ​​ហើយ​​អ្នក​ដែល​កើត​ជំងឺនេះប្រឈមនឹងការស្លាប់សាច់ដុំ មិនអាចកម្រើកបានស្ទើរតែទាំងស្រុង (ដោយសារខួរក្បាលមិនអាចបញ្ជាសាច់ដុំបាន) ហើយ​ចុងក្រោយគឺមានតែសេចក្ដីស្លាប់ប៉ុណ្ណោះ។

យុទ្ធនាការ​ ស្រោចទឹក​ក្បាល​​នេះ​ ចាប់ផ្ដើម​ពី លោក Pete Frate ដែលជាកីឡា​ករ​​បេស​ប៊ល នៅ​អាមេរិក​។ សូមមើល​វីដេអូ​ខាង​​ក្រោម​ដើម្បី​​យល់​កាន់តែ​ច្បាស់​ពី​ការ​ចាប់ផ្ដើម​យុទ្ធនាការ​នេះ​។

បន្ទាប់​មក​មាន​ការ​​រាលដាល​យ៉ាង​ខ្លាំង​ទៅ​ក្នុង​បណ្ដាញ​សង្គម ដែលមានស្ថាបនិក​ហ្វេសប៊ុក និង​ស្ថាបនិក​ម៉ៃក្រូសហ្វ​ក៏​ចូលរួម​ក្នុង​យុទ្ធនាការ​នេះដែរ និង​មាន​តារា​ល្បីៗ​របស់​​​អាមេរិក​​ចូលរួម​កាន់តែ​ច្រើន ហើយដែលអាច​រៃអង្គាស​ថវិកា​បាន​ចំនួន ៤១,​៨ លាន ដុល្លារ​សហរដ្ឋ​អាមេរិក បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួន ២,១​ លាន ដុល្លារ​សហរដ្ឋ​អាមេរិក​ ដែល​មូលនិធិ​នេះ​រៃ​អង្គាស​បាន​ក្នុង​អំឡុង​ពេលដូចគ្នា​នេះ​កាលពី​ឆ្នាំ​មុន (ថ្ងៃទី២៩ ខែកក្កដា ដល់ ២១ ខែសីហា)។

ក្បួន​នៃ​ការ​ចូលរួម គឺ​មាន​សំខាន់ ៣ ៖

១. អ្នក​ត្រូវតែ​​មាន​ការ​ស្នើ (challenge) ឲ្យ​ចូលរួម​​ក្នុង​យុទ្ធនាការ​នេះ​​ពី​នរណា​ម្នាក់ជា​មុនសិន

២. បន្ទាប់​មក​អ្នក​មានជម្រើស​ ៣ គឺ​ (១) ប្រសិនបើមិនព្រម​ស្រោច​ទឹកកក​ទេ អ្នកនឹង​ត្រូវ​បង់ ១០០ ដុល្លារ ទៅ​មូលនិធិ​ ALS ប៉ុន្តែ​ (២) បើ​អ្នក​ព្រម​ទទួលអ្នក​អាច​បង់​វិភាគទាន​តាម​​សទ្ធា​របស់អ្នកបាន ដែលចាប់ពី​ ១០​ដុល្លារ ២០ដុល្លារ ជាដើម​ ឬ​ (៣) មួយ​ទៀត​​ អ្នកព្រម​ទទួល​ហើយ​ក៏​ថែម​ទាំងបរិច្ចាគ​ទៅ​កាន់​​មូលនិធិ ALS ដដែល​។

៣. ប្រសិនបើ​អ្នក​ទទួល អ្នក​នឹង​ត្រូវ​ស្នើ​ឈ្មោះ ៣​នាក់​ ទៀត ដើម្បី​ឲ្យ​គេ​ស្រោច​ទឹក​កក​លើ​ខ្លួន​គេ និង​បន្ត​ស្នើ​ឈ្មោះ ៣ នាក់បន្ថែម​ពី​លើ​ទៀត។ ​

ប្រសិន​បើ​ចង់ដឹង​ច្បាស់​សូមអាន ក្បួន​ ជាភាសាអង់គ្លេស​បន្ថែម​ទៀត។

សម្រាប់ខ្ញុំ​ ខ្ញុំ​ពិតជា​កោតសរសើរ​ចំពោះ​គំនិត​ច្នៃប្រឌិតបែបនេះ និង​ដែល​ទាមទារ​ឲ្យ​មាន​ការ​ចូលរួម​​​ពី​មនុស្ស​ជុំវិញពិភពលោក​ នេះ​ពិតជា​គំនិត​រៃ​អង្គាស​ថវិកា​ដ៏​មាន​ប្រសិទ្ធភាព​ពិត​មែន។

ហើយ​យុទ្ធនាការ​នេះ​ក៏ចាប់​ផ្ដើម​មក​ដល់​ស្រុក​ខ្មែរ​យើង ដោយ​មាន​បង​ប្រុស​ម្នាក់​ដែលខ្ញុំស្គាល់ គាត់ធ្វើ​ការ​នៅវែបសាយ​ព័ត៌មាន​ថ្មីៗ គាត់បានស្នើ​ឈ្មោះ​ខ្ញុំ​ក្នុងចំណោម​ ៣ នាក់​នោះ​ ប៉ុន្តែ​លក្ខខណ្ឌ​របស់គាត់​គឺបង្វែរ​មក​បរិច្ចាគ​ទៅ​មន្ទីរពេទ្យ​គន្ធបុប្ផា​។ ខ្ញុំ​ក៏​មាន​ចិត្ត​សប្បាយ និង​រីករាយ​ក្នុង​ការ​ទទួល​សំណើ​នេះ ​ ហើយ​ខ្ញុំ​ក៏​បាន​​ស្នើ​ឈ្មោះ​មនុស្ស ៣ នាក់​ បន្ថែម​ទៀត​។ ខ្ញុំ​បានបរិច្ចាគ​ទៅមន្ទីរ​ពេទ្យ​គន្ធបុប្ផា និង​មូលនិធិ ALS ផ្ទាល់​ផងដែរ​ដើម្បី​ជួយ​លើក​ទឹកចិត្ត​ដល់​អ្នកជំងឺ និង​សង្ឃឹមថា​អ្នកវិទ្យាសាស្រ្ត​អាច​ស្រាវជ្រាវ​រក​​ថ្នាំ​ព្យាបាល​ជំងឺនេះ​បាន​​។ មានវីដេអូ​មួយ ដែលខ្ញុំ​មើល​ហើយ ខ្ញុំ​យំ​ដូច​មនុស្ស​ឆ្កួត​ ហើយ​ខ្ញុំ​កាន់តែ​យល់​ច្បាស់ពីអារម្មណ៍​អ្នក​ជំងឺ។ 

 

នេះ​ជាគំនិត​ល្អ និង​អាច​ជួយ​លើកកម្ពស់​ការយល់ដឹង​ពីជំងឺ​មួយនេះ និង​ក៏ដូចជា​រៃអង្គាស​ថវិកាបា​ន​ច្រើន​ ប៉ុន្តែ​ក៏​មាន​អ្នក​មួយចំនួន​រិះគន់ និង​មាន​មនុស្ស​មួយចំនួន​បដិសេធ​មិន​ព្រម​ធ្វើ​តាមសំណើ​ដោយ​ហេតុផលថា​នេះ​ជា​ការ​ខ្ជះខ្ជាយ​ទឹក​ដោយ​មាន​ការ​ប្រៀបធៀប​ទៅ​នឹង​ប្រទេស​អាហ្រ្វិក​ដែលខ្វះ​ទឹក​ស្អាត​ប្រើប្រាស់​ ខ្ញុំគិតថា​ចំណុច​នេះដូចជា​​រាង​ជ្រុល​និយម​បន្តិច ព្រោះថា​​មនុស្ស​ដែលរិះគន់​គេ​នោះ ប្រហែលជា​ងូតទឹក ១៥នាទី​ ម្ដង ឬ​ក៏ធ្លាប់​បើក​ទឹកចោល ឬ​ក៏ធ្លាប់​ប្រើប្រាស់​ទឹក​យ៉ាង​ខ្ជះខ្ជាយ​ដែរ ហើយអ្វី​ដែលសំខាន់គេ​ប្រហែលជាធ្លាប់​​លេង​ចូលឆ្នាំ ហើយ​ក៏​​ប្រើទឹក​ខ្ជះខ្ជាយ​​ក្នុង​អំឡុង​ពេល​លេង​ទឹក​នោះ​ដែរ​។ ម្យ៉ាង​ទៀត​យុទ្ធនាការ​នេះ​មិន​មែន​តម្រូវ​ឲ្យ​អ្នក​ យក​ទឹក​ ២០ លីត្រ​ មក​ស្រោច​លើ​ខ្លួន​ទេ ហើយ​អ្វី​ដែលសំខាន់​នេះ​ជា​ទង្វើដែល​មាន​គោលដៅ​ច្បាស់លាស់ មិន​មែនធ្វើ​ដើម្បីសប្បាយ​តែម្យ៉ាង​ទេ។ ការធ្វើ​បែប​នេះ​ក៏សប្បាយ​ដែរ ប៉ុន្តែ​ប្រសិនបើ​យើង​នៅ​សុខ​ៗ​បបួល​មនុស្ស​បរិច្ចាគ​ទៅ​មូលនិធិ​ ALS ឬ​មន្ទីរ​ពេទ្យ​គន្ធបុប្ផា ដោយ​គ្មាន​​ភាពសប្បាយ​លាយឡំ​ គេ​ប្រហែលជា​នឹង​ចូលរួម​ ឬ​អាច​នឹង​មិនចូលរួម​ តែខ្ញុំគិត​ថា​​វិធី​នេះ​អាច​មាន​ប្រសិទ្ធភាព​ច្រើន ទីមួយ​ទឹកកក​ងាយស្រួល​រក ទីពីរ​ការ​ចាក់​ទឹក​កក​មិនមែនជា​រឿង​នយោបាយ ទីបីនរណាៗ​ក៏អាច​ធ្វើ​បានដែរ​។​​

ចំណុច​មួយទៀត​ ដែលគេ​លើកឡើង​ថា​ហេតុអ្វីបាន​ជា​មិន​ព្រម​បរិច្ចាគ​តែ​ម្ដង​ទៀត​ចាំបាច់ខ្លាច​គេថា​អន់ហើយព្រម​ទទួលសំណើ​នោះ​ធ្វើ​អ្វី? ខ្ញុំថា​ការ​ព្រម​ទទួល​សំណើ​មិន​មែន​ត្រឹម​តែ​ខ្លាច​គេ​ថា​អន់​នោះទេ តែ​ចំណុច​សំខាន់​គឺ​ថា​ពេល​យើង​ធ្វើ យើង​នឹង​មាន​ឱកាស​​ស្នើ​ឈ្មោះ ៣នាក់​ទៀត នោះ​ការ​ធ្វើ​របស់​យើង​នឹង​កាន់តែមាន​ឥទ្ធិពល ឬ​ក៏​សាយភាយ​ទៅ​ក្រុម​ធំ​។ ឧទាហរណ៍​បើ​ មនុស្ស​ដំបូង​គាត់គ្រាន់តែព្រម​បរិច្ចាគនោះ​​​ ការ​ស្នើនោះ​នឹង​ចប់​ត្រឹម​មនុស្ស​ដំបូង​នោះ ហើយ​នឹង​គ្មាន #icebucketchallenge ឬ​ #icebucketchallengekh អ្វី​នោះដែរ។​

នេះ​គ្រាន់តែ​ជា​អ្វី​ដែលខ្ញុំចង់និយាយ​ពី​​​​យុទ្ធនាការ​ដ៏អស្ចារ្យមួយនេះ​! ខ្ញុំសង្ឃឹម​ថា​មន្ទីរ​ពេទ្យ​គន្ធបុប្ផា​នឹង​ទទួល​បាន​ប្រាក់​បរិច្ចាគច្រើនដូចជា មូលនិធិ​ ALS ដែរ ហើយ​លើក​ក្រោយយើង​នឹង​គិត​រក​​វិធី​ផ្សេង​ដែល​អាច​ជំរុញ​ឲ្យ​មាន​ការ​បរិច្ចាគ​បន្ថែម​ៗ ព្រោះ​ថា​មនុស្ស​ឈឺ​មានរាល់​ថ្ងៃ។

ប្រវត្តិ​នំ​ផ្លែអាយ

ខ្ញុំ​ចូល​ចិត្ត​ញាំ​នំ​ផ្លែ​អាយ ជា​ពិសេស​ នៅ​ពេល​​ដែល​គេ​កោស​ដូង​សាច់​ទន់​ល្មមៗ​ដាក់​ពី​លើ គឺ​ពិត​ជា​ឆ្ងាញ់​ខ្លាំង​ណាស់ ថ្ងៃ​នេះ​​​បើក​ហ្វេសប៊ុគ​មើល ក៏​ឃើញ​លោកស្រី​ កែវ ច័ន្ទបូរណ៍​​ រៀប​រាប់​ពី​ប្រវត្តិ​នំផ្លែអាយ ទើប​ខ្ញុំ​គិត​ថា​ ខ្ញុំ​គួរ​តែ​យក​អត្ថបទ​នេះ​មក​ដាក់​នៅ​ទី​នេះ ដោយ​សារ​ថា​ ខ្ញុំ​នឹង​អាច​រក​​យក​មក​​ប្រើប្រាស់​បាន​នា​ពេល​​ក្រោយ។ សង្ឃឹម​ថា​ លោកស្រី កែវ ច័ន្ទបូរណ៍​​ នឹង​មិន​ប្រកាន់។

សូម​ចួលទៅ​កាន់ ទំព័រ​ហ្វេសប៊ុគ​របស់ លោកស្រី កែវ ច័ន្ទ​បូរណ៍ ។​

 

នំផ្លែអាយ ធ្វើអំពី ម្សៅដំណើបស្ងោរ មានស្នូលជាស្ករត្នោត ហើយត្រូវកោសដូងខ្ចីរោយពីលើ មុននឹងបរិភោគ ដើម្បីបង្ករសជាតិ អោយកាន់តែឈ្ងុញឆ្ងាញ់។


នៅ​ជំនាន់​ដើម ចាស់​បុរាណ​ច្រើន​ហៅ​ថា នំ​បង្កប់​ស្ករ នំ​បំពួន​ស្ករ ឬ នំ​ខាំស្ករ។ កាលដើមឡើយ គេធ្វើនំនេះ ដោយយកម្សៅលុញ ដាក់បង្កប់ដុំស្ករត្នោត នៅខាងក្នុង ស្ងោរ​អោយ​ឆ្អិន ទើប​ចាប់​ដោត​តម្រៀប​លើ​ចង្កាក់​ឬស្សី បន្ទាប់​មក គេ​យក​ចង្កាក់​នំ ទៅ​ដោត​លើ កូន​ចេក ដែល​គេ​កាប់​មក ដើម្បី​ដោត​ចង្កាក់​នំ ដើរ​លក់​តាម​ភូមិ។ តែ​ជួន​កាល ដោយ​សារ​សំបក​សាច់​នំ​ស្តើង ធ្វើ​អោយ​ធ្លាយ​ស្រក់​ទឹក​ស្ករ ចេញ​មក​ក្រៅ អ្នក​ស្រុក​ដែល​ដើរ​លក់​នំ​នេះ​ក៏​ប្តូរ​ចិត្ត លុញ​តែ​ម្សៅ​សុទ្ធ ស្ងោរ​អោយ​ឆ្អិន ដោយ​ពុំ​មាន​ដាក់​បង្កប់​ដុំស្ករ នៅ​ក្នុង​​នោះ​ទេ បន្ទាប់​មក ទើប​គេ​ស្រង់​នំ យក​ដោត​ចង្កាក់ ដាក់​អាំង​អោយ​ឈ្ងុយ ហើយ​ទើប​យក​ចង្កាក់នំ ទៅ​ដោត នឹង​ដើម​ចេក ដើម្បីលីដើរលក់ នៅ​តាម​ភូមិ ពីផ្ទះមួយទៅផ្ទះមួយ។ នៅ​ពេល​បរិភោគ គេ​ត្រូវ​​យក​នំ​នេះ ទៅជ្រលក់​ នឹង​ទឹក​ឃ្មុំ ឬ ទឹក​ស្ករ​ត្នោត រួច​រោយ​ដូង​ខ្ចី​កោស មុន​នឹង​បរិភោគ។ ដោយ​សារ​នំ​ខាំស្ករ​នេះ មាន​គ្រាប់​ស្ករ​ខាង​ក្នុង ស្រដៀង​លក្ខណៈ​ដូចជា​ផ្លែឈើ ដែល​ដុះ​នៅ​លើ​ដើម ទើប​អ្នក​ស្រុក ទម្លាប់​ហៅ​លេង ជា​ទូទៅ​សាធារណៈ​ ថាជា ផ្លែអាយ ព្រោះ​មិន​មែន​ជា​ផ្លែ​ឈើ​ពិត​ប្រាកដ។ ចំណេរ​តៗ​មក ឈ្មោះ​នេះ ក៏​បាន​ក្លាយ​ជា ឈ្មោះប្រើ​ជាប្រជាប្រិយ​ ពេញ​ប្រទេស​ខ្មែរ ច្រើន​សតវត្សរ៍ត​រៀង​មក ដោយ​ពុំ​មាន​នរណា ហៅ​ថា នំ​បំពួន​ស្ករ នំ​បង្កប់​ស្ករ ឬ នំ​ខាំស្ករ​ ត​ទៅ​ទៀត​ឡើយ។

អត្តា​ ឬ​អត្ម័ន​

អាត្ម័ន សំ.; បា. ( ន. ) (អាត្មន៑; អត្ត) អាត្មា (ខ្លួន; ចិត្ត) ។ តាម​លទ្ធិ​ខ្លះ​ប្រែ​ថា “ព្រលឹង” ក៏​មាន, គេ​និយាយ​ថា : ក្នុង​រូប​យើង​មាន​អាត្ម័ន, កាល​ណា​យើង​ដេក​លក់​ស៊ប់, ចួន​កាល​អាត្ម័ន​ចេញ​ពី​រូប ត្រាច់​ចរ​ទៅ​ខាង​ក្រៅ, លុះ​ដល់​វេលា ទើប​វិល​ត្រឡប់​ចូល​មក​ក្នុង​រូប​វិញ (គេ​ថា ព្រលឹង​តូច ព្រលឹង​ធំ តាម​ទម្លាប់​ជឿ) ។ ព. កា. សម្រាប់​ឲ្យ​ងាយ​ចាំ​ថា : អាត្ម័ន​អាត្មា ទោះ​ប្រើ​ពាក្យ​ណា ក៏​បាន​ដូច​គ្នា ទាំង​ពាក្យ​អត្តា នេះ​ឯង​ក៏​ជា​ ពាក្យ​មាន​ន័យ​ថា ចិត្ត​ឬ​ខ្លួន​ប្រាណ ។ តាម​ពិត​សម្ដី ទាំង​ពីរ​ទាំង​បី នេះ​មាន​សន្តាន ប្រភព​កំណើត កើត​ពី​ដើម​ធាន អទ៑-ធាតុ​ដែល​មាន ន័យ​ប្រែ​ថា​ស៊ី ។ ស៊ី​សុខ​ស៊ី​ទុក ស៊ី​អ្វី​គ្រប់​មុខ ស៊ី​ឥត​រើស​ទី អត្តា​ហ្នឹង​ឯង ចេញ​ទែង​ខាង​ស៊ី ដែល​ហៅ​ថា​ស៊ី គឺ​រង​អារម្មណ៍ ។ អារម្មណ៍​គ្រប់​មុខ ទោះ​សុខ​ទោះ​ទុក្ខ ចេះ​តែ​សន្សំ ទោះ​អរ​ទោះ​ខឹង​ ទោះ​ខ្ជិល​ទោះ​ខំ ត្រជាក់​ក្ដៅ​ងំ ចេះ​តែ​ទទួល។ (ម. ព. អត្ត, អាត្ម, អាត្មា ផង) ។

ឃ្លា​ខាង​លើ​ ដកស្រង់​ចេញពី​វចនានុក្រម សម្តេច​សង្ឃរាជ​ ជួន ណាត​។

Ego noun 1. (the self, selfesteem, conceit, individual as aware of himself, egotism, conceit, the personal identity) ខ្ញុំ, អញ, អត្ដទន្ថភាព wound his ego អត្ថា, អាត្មា, individual ego អាត្មា

ខាង​លើ​នេះ​ដក​ចេញ​ពី​​ វចនានុក្រម ant ។​

ខ្ញុំ​ដឹង​ខ្លួន​ឯង​ថា​ជា​មនុស្ស​ឆេវឆាវ យក​តែ​ចិត្ត​ខ្លួន​ឯង​ ពេលខ្លះ​ ខ្ញុំ​ដឹង​ថា​ខ្លួន​ខ្ញុំ​ខុស​ដែរ មាន​ប្រតិកម្ម​តប​នឹង​រឿងរ៉ាវ​ខ្លាំង​ពេក រហ័ស​ពេក តែ​នៅ​តែ​មិន​អាច​​ដាច់​ចិត្ត​និយាយ​សុំ​ទោស ឬ​ក៏​ធ្វើ​ឲ្យ​រឿង​រ៉ាវ​ប្រសើរ​ឡើង​វិញ​បាន។ ពេលខ្លះ គឺ​ត្រូវ​ទុក​ចោល ឬ​ពេលខ្លះ​ដែល​ចិត្ត​ត្រជាក់​រួច ក៏​និយាយ​លេង​សើច​បន្លប់​ទៅ​វិញ​ទៅ​ ខ្ញុំ​គិត​ថា​អ្វីដែលធ្វើ​ឲ្យ​ខ្ញុំ​មិន​អាច​​ដាច់​ចិត្ត​និយាយ​ពាក្យ​សុំទោស​ក្នុង​ពេល​ខ្លះ​នោះ គឺដោយ​សារពាក្យ​ថា Ego ឬ​ អត្តា ឬ​អាត្ម័ន នេះ​ហើយ​មើល​ទៅ ឬ​មួយ​ទៀត​ដែល​ចូលចិត្ត​និយាយ​ដែរ​គឺ អញ​និយម!

តើ​អ្នក​ទាំង​អស់​គ្នា​គិត​ថា​​អ្នក​លម្អៀង​ដែរ​ទេ? ខ្ញុំ​ថា​​មិន​តិច​ក៏​ច្រើន​ដែរ ដែល​យើង​ម្នាក់ៗ​តែង​តែលម្អៀង​ទៅ​លើ​ខ្លួន​យើង ឬ​អ្វី​ដែល​យើង​ស្រលាញ់។​​ មួយវិញ​ទៀត អ្វី​ដែល​ខ្លួន​យើង​ធ្វើ​ គឺ​មិនសូវ​មើល​ឃើញ​ខុស​ទេ​ តែ​បើ​អ្នក​ដទៃវិញ​ដែល​គេ​ធ្វើ​ដូចយើង​ដែរ​​ យើង​បែរ​ជា​មាន​អារម្មណ៍​ថា​​ទើស​បែប​នេះ​ទើស​បែប​នោះ​​​។

ឧទាហរណ៍​សម្រាប់​រូបខ្ញុំផ្ទាល់ ខ្ញុំ​តែង​​តែ​មាន​អារម្មណ៍​​មិន​សូវ​ជា​សប្បាយ​ចិត្ត​ប្រសិន​បើ​នរណា​ម្នាក់​​ មក​និយាយ​​មិន​ល្អពី​មនុស្ស​ដែល​យើង​ចូលចិត្ត​ ឬ​របស់​ដែលយើង​ស្រលាញ់​ និង​មួយ​វិញ​ទៀត ដូច​កាល​ពី​ល្ងាច​មិញ ខ្ញុំ​បាន​ទៅ​ញាំអី​នៅ​ក្នុង​ភោជនីយដ្ឋាន​មួយ​កន្លែង។ នៅ​ជិត​តុ​ខ្ញុំ​អង្គុយ​នោះ មាន​មនុស្ស​មួយ​ក្រុម ផឹក​ស៊ី ហើយ​ស្រែក​ខ្លាំងៗ យ៉ាង​សប្បាយ​រីករាយ​ មិត្ត​ភក្តិ​ខ្ញុំ ឬ​សូម្បី​តែ​ខ្ញុំក៏​មានអារម្មណ៍​ថា​ហួស​ពេក​ទេ​ដឹង? មិន​ចេះ​ខ្លាច​ចិត្ត​គេ​ទេ​ដឹង? តែ​ពេល​នោះ​ខ្ញុំ​ក៏​នឹក​ដល់​​​ពេល​ខ្លះ​ដែលខ្ញុំ​ទៅ​​កន្លែង​មួយ​ចំនួន​ជាមួយ​មិត្ត​ភក្តិ​ច្រើនៗ ពេលខ្លះ​ខ្ញុំ​ក៏​ចូលចិត្ត​បញ្ចេញ​សំឡេង​សើច​ក្អាកក្អាយ​ឮៗ​ដែរ ទោះ​បីជា​ខ្ញុំ​មិន​មែនផឹកប៊ីយែរ ឬ​ស្រា​ក៏​ដោយ តែ​ក្រុម​ខ្ញុំ​ភាគច្រើន ជាពិសេស​អ្នក​ធ្វើ​ការ​ជាមួយ​​​ប្រសិន​បើ​មាន​គ្នា​ច្រើន​ច្បាស់​ជា​ផ្អើល​ហាង​គេ​មិន​ខាន​ទេ។ ចឹង​ខ្ញុំ ក៏​គិត​បក​មក​វិញ​ថា​ ចុះ​កាល​ពី​មុន​នោះ​ តើ​មាន​​មនុស្ស​ប៉ុន្មាន​នាក់​ដែ​លគេ​ធុញ​នឹង​ពួក​ខ្ញុំ តើ​មានមនុស្ស​​ប៉ុន្មាន​នាក់​ដែល​​គិត​ថា​ពួកខ្ញុំ​ហួស​ហេតុ និង​មិន​ខ្លាច​ចិត្ត​អ្នក​ដទៃ​នោះ?

ពេលខ្លះ​ យើង​មើល​រឿង​រ៉ាវ​ចេញ​តែ​ពី​ជ្រុង​គំនិត​របស់​យើង មិន​ដែល​​​មើល​ពី​ក្នុង​ជ្រុង​គំនិត​របស់​អ្នក​ដទៃ​នោះ​ទេ។ ដូច្នេះ យើង​គួរ​តែ​ចេះ​អត់​ឱន​ខ្លះ អធ្យាស្រ័យ​ខ្លះ យោគយល់​ខ្លះ ​ស្ងាត់​មាត់​ខ្លះ កុំ​ចេះ​តែ​ទើស​គេ​ពេក ហើយ​ព្យាយាម​នឹក​ដល់​សកម្មភាព​របស់​ខ្លួន​យើង​ពី​មុន មុន​នឹង​យើង​និយាយ​រិះគន់​អ្នក​ដទៃ។

សាក​ពាក់​ស្បែក​ជើង​អ្នក​ដទៃ​ខ្លះ​ក៏​ម្យ៉ាង​ដែរ!​

ម្នាក់​ឯង?

ធ្លាប់​ទៅ​ញ៉ាំ​អី​ម្នាក់​​ឯងទេ? ខ្ញុំ​កាល​សម័យ​នៅ​ខេត្ត​ គឺ​មិន​ហ៊ាន​ដាច់​ខាត បើ​គ្មាន​គ្នា​សុខ​ចិត្ត​មិន​ទៅ។ តែ​ពេល​មក​នៅ​ទី​ក្រុង ដែលសម្បួរ​ពោរពេញ​ទៅ​ដោយ​មនុស្ស​ម្នា​ មនុស្ស​កាន់​តែ​ច្រើន តែ​ភាព​ឯកា​មិន​ប្រាកដ​ថា​បាត់​បង់​ទៅ​នោះ​ទេ​ ហើយ​មិន​ប្រាកដ​ថា​មិត្តភក្តិ​យើង​មានពេល​ឲ្យ​យើង​គ្រប់​ពេល​ដែរ។ (ឬ​ករណី​នេះ​កើត​ឡើង​តែ​សម្រាប់​ខ្ញុំ ម្នាក់ឯង​ទេ???)​

កាល​មក​ភ្នំពេញ​ថ្មីៗ ខ្ញុំ​ក៏​មិន​ហ៊ាន​ទៅ​ណា​តែ​ម្នាក់​ឯង​ដែរ ជាពិសេស​ រឿង​ដើរ​ផ្សារ​ទិញ​ឥវ៉ាន់ ទិញ​ខោ​អាវ​អី​ជា​ដើម ទៅ​ណា​ បើ​អត់​គ្នា​សុខ​ចិត្ត​ដេក​ផ្ទះ​។ តែ​ឥឡូវ​ រឿង​រ៉ាវ​​ វា​ចាប់​ផ្តើម​ប្រែ​ប្រួល ខ្ញុំ​ធ្លាប់​មាន​មិត្ត​ម្នាក់ ជិតស្និទ្ធ ហើយ​ចូល​ចិត្ត​ដើរ​ផ្សារ​ដូច​គ្នា ហើយ​ម្យ៉ាង​ទៀត​ចូលចិត្ត​ញាំអាហារ​បារាំង​ដូចគ្នា ពួក​យើង​ចូលចិត្ត​ទៅផ្សារ​អូឡាំពិក ញាំភ្លៅមាន់​នៅ​ឡាក់គី​បឺរហ្គឺ និង​ភីហ្សានៅ​ឌឹភីហ្សា​ខម​ផេនី​។ ពេល​នេះ​ខុស​ពី​ពេល​មុន ពេល​ខ្លះ​ ខ្ញុំ​ក៏​ទៅ​ញាំ​ភ្លៅ​មាន់​ម្នាក់​ឯង ដើរ​ផ្សារ​ជួន​កាល​ក៏​ដើរ​ម្នាក់​ឯង​ដែរ​​បើ​រក​អ្នក​ទៅ​ជាមួយ​មិន​បាន​មែន​ទែន ធ្វើ​ម៉េច​បើ​ចាំ​បាច់​ត្រូវ​ទៅ​ រវល់​តែ​ខ្លាច​ដូចជា​ពីមុន​ច្បាស់​​ជា​ចប់​សព្វគ្រប់​មិន​ខាន​ទេ។ តែ​ទោះ​បីជា​ខ្ញុំ​​ហ៊ាន​ទៅ​ណា​ម្នាក់​ឯង​ខ្លះៗហើយ តែ​ភាគច្រើន​គឺ​ខ្ញុំ​ទៅ​តែ​កន្លែង​ដែល​ខ្ញុំ​ធ្លាប់​ស្គាល់ ឬ​ជា​ហាង​​​​ធំៗ​ មិន​មែនខ្ញុំ​ឬ​កធំ​អី​នោះទេ តែ​បើ​ចូល​ហាង​ធម្មតា ហាង​តូចៗ ខ្លាច​ក្រសែ​ភ្នែក​អតិថិជន​គេ​ណាស់​ (មិន​ដឹង​ម៉េច បើ​ហាង​ធំ​ទៅ​ គ្មាន​នរណា​គេ​ខ្វល់​ពី​យើង​ទេ ព្រោះ​មនុស្ស​ច្រើន​ពេក ពេល​ដែលខ្ញុំ​និយាយ​ពី​ហាង​តូច គឺ​ដូចជា​ហាង​គុយទាវ ហាង​បាយ ផ្ទះ​មួយល្វែង​អី​នឹង)។

រៀង​រាល់​ព្រឹក ខ្ញុំ​ទិញ​នំប៉័ង​ញាំជាមួយ​ទឹក​ដោះ​គោ​ផ្អែម​​ មូលហេតុទីមួយ គឺ​មិន​ដឹង​​ញាំអី​ ទីពីរ​ ចង់​ញាំបាយ​កញ្ចប់​ តែ​មិន​ហ៊ាន​ចូល​ញាំ សូម្បី​តែ​​ចាំ​ខ្ចប់​ក៏​មិន​ហ៊ាន​ដែរ ខ្លាច​ប៉ះ​កន្លែង​មិន​ឆ្ងាញ់ ខ្លាចនេះ​ ខ្លាច​នោះ​ យ៉ាប់​ នោះ​យ៉ាប់។

ម៉េច​ក៏​នៅ​សុខៗ ខ្ញុំនិយាយ​ដើមខ្លួន​ឯង​ចឹង? ​គឺមក​ពី​ថ្ងៃ​មិញ ខ្ញុំ​ឃ្លាន​ញ៉ាំ snow yogurt ខ្ញុំ​ក៏​ទៅ​ញាំម្នាក់​ឯង ហើយ​​ខ្ញុំ​មិន​ខ្លាច​អី​ទេ ព្រោះ​ហាង​នោះ​នៅ​ក្នុង​ផ្សារ​សុវណ្ណា​ ផ្សារ​ធំ មនុស្ស​ម្នា​ច្រើន ហើយ​ឥឡូវ​នេះ​ទៀត​គឺមិន​បាច់​ខ្វល់​ពី​ភ្នែក​គេ​ព្រោះ​ខ្ញុំ​មាន​ទូរសព្ទ​ទំនើប អាច​លេង​ facebook ឬ instagram ឬ app ដែល​កំពុង​តែ​ល្បីនោះ​គឺ​ Line អី​ចឹង​ទៅ។ ផ្សារ​ក៏​ដើរ​តែ​ឯង​បាន​ដើរ ហើយ​ផ្សារ​ដែល​ចូលចិត្ត​ដើរ​ម្នាក់​ឯង​គឺ​ផ្សារ​ឡាក់គី និង​ផ្សារ​ទួល​ទំពូង។ ​